(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ វិទ្យាល័យ បឹងត្របែក នៅព្រឹក ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៣ រៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន។

វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ផេង សុវណ្ណារ៉ា នាយកវិទ្យាល័យ បឹងត្របែក លោក សាំង សុផល តំណាងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ និងតំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញផងដែរ។

ថ្លែងក្នុងមតិស្វាគមន៍ ដល់វគ្គបណ្តុះបណ្តាលនេះ លោក នាយកវិទ្យាល័យ បឹងត្របែក បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ ក្នុងសាលារៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវគោលការណ៍សំខាន់ នៃច្បាប់ ដែលវាគ្មិនអញ្ជើញ មកពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើបទបង្ហាញនៅពេលនេះ និងសូមផ្តល់នូវមតិ យោបល់ ដោយ លើកឡើងនូវសំនួរ ដើម្បីឱ្យវាគ្មិនធ្វើការបកស្រាយ ឱ្យបានច្បាស់លាស់ និងសំណូមពរ មន្ត្រីអធិការកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យ ផលិតផលទំនិញ ពិសេសម្ហូបអាហារ អនុវត្តវិធានការច្បាប់ ដោយម៉ឺងម៉ាត់ សំដៅទប់ស្កាត់ ឱ្យបាននូវការធ្វើអាជីវក ម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។

ក្នុងឱកាសនោះ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួង ពាណិជ្ជកម្ម ដោយបានទទួលកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត បានរៀបចំកម្មវិធី ផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា “ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តា គ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន ។ កម្មវិធីផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែ បណ្តុះ នូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍ សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែង ប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែក កសាងខឿនសេដ្ឋកិច្ច ជាតិ ឱ្យរីកចំរើនទៅមុខ ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ បានឱ្យដឹងថា មុនវគ្គផ្សព្វផ្សាយនេះ មន្ត្រីជំនាញ ក៍បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមតូបលក់ អាហារ ក្នុងសាលា និងបានចែកជូនផ្ទាំងរូបភាពអំពីសុវត្ថិភាពម្ហូបអាហារចំនួន១៧០សន្លឹក ហើយវគ្គផ្សព្វផ្សាយនេះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរក្នុងសាលា សរុបប្រមាណ១៥៥នាក់ ដែលជាការផ្តល់ចំណេះដឹង ជាមូលដ្ឋាន សម្រាប់អ្នកប្រើប្រាស់ បានស្វែងយល់អំពី ការជ្រើសរើសម្ហូបអាហារ មានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ ។

នៅចុងបញ្ចប់ លោក ង៉ែត ចេក បានសំណូមពរ ឱ្យអ្នកចូលរួមវគ្គផ្សព្វផ្សាយយកវេទិកានេះ ជួយបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញាតិមិត្ត ឱ្យបានជ្រួតជ្រាប អំពីរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារដែលមានសុវត្ថិភាព ផល ប៉ះពាល់ពីការ ប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ការផលិត ដាក់លក់ ឬបរិភោគអាហារខ្វះអនាម័យ ដែលជាកត្តា បង្កគ្រោះដល់សុខភាពរបស់យើងទាំងអស់គ្នា ដើម្បីសង្គមយើង គ្រួសារយើង ពិសេសខ្លួនយើង សូមប្អូនៗ ដែលជាសិស្សានុសិស្ស ជ្រើសរើសម្ហូបអាហារ មានអនាម័យ សុវត្ថិភាព និងគុណភាព ហើយជៀសឱ្យឆ្ងាយពី គ្រឿងញៀនទាំងអស់គ្នា៕