(ភ្នំពេញ)៖ លោកស្រី សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ រួមទំាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីទូងស្គរអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ការបញ្ជូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលនេះ បានឆ្លុះបញ្ចាំងកាន់តែច្បាស់នូវអរិយធម៌ដ៏រុងរឿង ដែលធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោ និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយទូទាំងពិភពលោកថែមទៀត ពិសេសនៅលើវេទិកាបេតិកភណ្ឌពិភពលោក។

មកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ចូលជាសម្បត្តិវប្បធម៌ពិភពលោករួមមាន ប្រាសាទអង្គរវត្ត នៅឆ្នាំ១៩៩២ របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣ ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ ប្រាសាទសំបូរព្រៃគុក ឆ្នាំ២០១៧ និងល្ខោនខោល ឆ្នាំ២០១៨ ដែលជាសមិទ្ធផលក្រោមម្លប់សន្តិភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ ដែលសបញ្ជាក់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីបុព្វហេតុជាតិ មាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងមូល។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអាជ្ញាធរសវនកម្មជាតិ សូមសម្តែងនូវការអបអរសាទរប្រកបដោយក្តីរំភើបរីករាយឥតឧបមា និងមានមោទនភាពជាតិខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២:២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ៤៖២៨នាទីរសៀល នៅរាជធានីភ្នំពេញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៦ និងទី៧ នៃរដ្ឋសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ បានខិតខំតស៊ូ ព្យាយាមរៀបចំឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូនជាតិមាតុភូមិនៅពេលនេះ។

ជាមួយគ្នានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ក៏សូមសម្តែងនូវអំណរព្រះមហាករុណាទិគុណដ៏ស្មោះស្ម័គ្របំផុតថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ជំនាន់ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏ល្អឯក និងជាអត្តសញ្ញាណរបស់ជនជាតិខ្មែរជូនដល់កូនចៅជំនាន់ក្រោយតរៀងទៅ៕