(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នានា នៅទូទាំងប្រទេស ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រកបដោយទឹកចិត្តមោទក និងសប្បាយរីករាយ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ៕