(ភ្នំពេញ)៖ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា បានបង្ហាញនូវមោទនភាព និងក្តីអំណរសាទរសោមនស្សរីករាយជាពន់ពេកក្រៃ ចំពោះជោគជ័យនៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
នៅវេលាម៉ោង៧ព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រះគ្រូសូធ្យស្តាំ-ឆ្វេង ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ សីលវ័ន សីលវតី និងពុទ្ធិកយុវជន នៃវត្តលង្កាព្រះកុសុមារាម ដឹកនាំដោយ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានរៀបចំពិធីទូងស្គរ វាយឃ្មោះ និងវាយរគាំង ព្រមទាំងសូត្រពុទ្ធជ័យ ដើម្បីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
បន្ទាប់ពីការទូងស្គ វាយឃ្មោះ និងវាយរគាំងហើយនោះ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ក៏បានដឹកនាំព្រះគ្រូសូធ្យស្តាំ-ឆ្វេង ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ សីលវ័ន សីលវតី និងពុទ្ធិកយុវជន នៃវត្តលង្កាព្រះកុសុមារាម ច្រៀងបទពង្សាវតាខ្មែរ ដើម្បីដាស់ស្មារតីនៃការស្រឡាញ់ជាតិ ស្រឡាញ់នូវសម្បត្តិវប្បធម៌ដែលជាមរតកដូនតាខ្មែរផងដែរ។
ព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះគ្រូសូធ្យស្តាំនៃវត្តលង្កាព្រះកុសុមារាម បានមានសង្ឃដីកាថា ជោគជ័យ នៃការដាក់ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាមោទនភាពមួយសម្រាប់ជាតិខ្មែរទាំងមូល។ ក្នុងនោះព្រះសង្ឃតាមទីអារាមទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏មានក្តីសោមនស្សរីករាយជាពន់ពេកចំពោះសមិទ្ធផលជាប្រវត្តិសាសន៍ក្នុងការលើកតម្កើងតម្លៃសម្បត្តិវប្បធម៌ជាតិនេះផងដែរ។ អាស្រ័យហេតុនេះហើយទើបវត្តលង្កាព្រះកុសុមារាមរៀបចំពិធីទូងស្គរ វាយឃ្មោះ និងរគាំង ដើម្បីអបអរសាទរព្រឹត្តិការណ៍មួយនេះ។
ជោគជ័យនៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កើតចេញពីកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំនូវឯកសារទាំងឡាយដាក់ជូនទៅអង្គការយូណេស្កូ។ កិច្ចការនេះ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ។
ព្រះបវរសត្ថា ហួរ សារិទ្ធិ បានចាត់ទុកលទ្ធផលខាងលើនេះ ជាការបង្ហាញឱ្យឃើញនូវស្មារតីនៃការស្រឡាញ់ និងការគិតគូរយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលចំពោះមរតកដូនតាខ្មែរ។ ព្រះបវរសត្ថា ហួរ សារិទ្ធិ ក៏បានមើលឃើញដែរថា សមិទ្ធផលដែលកម្ពុជាសម្រេចបានលើការលើកតម្កើងសម្បត្តិវប្បធម៌ខ្មែរនេះ ក៏ដោយសារតែមានសុខសន្តិភាពផងដែរ។ បើគ្មានសុខសន្តិភាព កម្ពុជាមិនអាចមានឱកាសដើម្បីលើកតម្កើងតម្លៃសម្បត្តិវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិនោះឡើយ។
សូមបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
«រមណីយដ្ឋានប្រាសាទកោះកេរ» ជារតនសម្បត្តិរបស់ខ្មែរទី៤ហើយ ដែលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ បន្ទាប់ពីរមណីយដ្ឋានអង្គរ (ចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា), ប្រាសាទព្រះវិហារ (ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា) និងតំបន់ប្រាសាទសំបូរព្រៃគុក (ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា)។
ជាការបង្ហាញមោទនភាព និងលើកកម្ពស់ជាតិនិយម ដែលរមណីយដ្ឋានកោះកេរ ក្លាយជាសម្បតិបេតិកភណ្ឌពិភពលោកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យរៀបចំពិធីអបអរសាទរនៅតាមក្រសួង មន្ទីរ ស្ថាប័នរបស់រដ្ឋ មន្ត្រីរាជការទាំងថ្នាក់ជាតិ ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ គ្រឹះស្ថានអប់រំ និងទីអារាម រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកឱ្យបានកងរំពង។
នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅតាមក្រសួង មន្ទីរ ស្ថាប័នរបស់រដ្ឋ មន្ត្រីរាជការទាំងថ្នាក់ជាតិ ក្រោមជាតិ កងម្លាំងប្រដាប់អាវុធ គ្រឹះស្ថានអប់រំ ព្រមទាំងព្រះសង្ឃតាមទីអារាមនានា បានរៀបចំពិធីអបអរសាទរព្រមៗគ្នាយ៉ាងកងរំពងជាទីបំផុត។ តាមរយៈការរៀបចំពិធីអបអរសាទរទាំងនេះ បានបង្ហាញឱ្យឃើញនូវស្នាមញញឹម ក្តីរីករាយ ត្រេកអរ និងមោទនភាពជាខ្លាំង ដែលសម្បត្តិជាមរតកដូនតាខ្មែរមានតម្លៃមហាសាលក្លាយទៅជាសម្បត្តិរបស់ពិភពលោក៕