(ភ្នំពេញ)៖ ក្រោមកិច្ចសហការជាមួយ កម្មវិធីអភិវឌ្ឍជំនាញ (SDP) និង អង្គការអន្តរជាតិទេសន្តប្រវេសន៍(IOM), ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ Dara Airport។

សិក្ខាសាលានេះ គឺបណ្តុះបណ្តាលមន្ត្រីទីភ្នាក់ងារជាតិមុខរបរ និងការងា, មន្ត្រីមកពីមជ្ឈមណ្ឌលការងារមកពីតាមបណ្តាខេត្ត, លោកគ្រូអ្នកគ្រូដែលជានាយកវិទ្យាស្ថាន, ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងដល់បុគ្គលិកមកពីវិស័យឯកជន អំពីសេវាប្រឹក្សាយោបល់ការងារ និងអាជីព។

លោកស្រី អ៊ុច ជាច័ន្ទមល្លីកា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រី ដែលមកពី មជ្ឈមណ្ឌលការងារគ្រប់បណ្តាខេត្ត លោកគ្រូអ្នកគ្រូដែលជានាយកវិទ្យាស្ថាន ក៏ដូចជាដល់មជ្ឈមណ្តុះបណ្តាលវិជ្ជាជីវៈ និងបុគ្គលិកមកពីវិស័យឯកជនជាដើម ដើម្បីជួយកសាងសមត្ថភាពដល់ពួកគេ ក្នុងការផ្តល់ជំនាញប្រឹក្សាយោបល់ និងអាជីពការងារ ការប្រើប្រាស់ឧបករណ៍សម្រាប់វាយតម្លៃ អ្នកស្វែងរកការងារចំពោះ សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើឱ្យត្រូវនឹងជំនាញ ស្របទៅតាមលលក្ខណៈផ្ទាល់ខ្លួន នឹងស្របតាមតម្រូវការទីផ្សារការងារ។

លោកស្រីបានបន្ថែមថា ក្រោយពីមន្ត្រីដែលទទួលបានការបណ្តុះបណ្តាលរយៈពេល៤ថ្ងៃពីវគ្គបណ្តុះបណ្តាលនេះហើយ នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយដល់អ្នកដែលកំពុងស្វែងរកការងារធ្វើ ពិសេសសិស្ស/និស្សិត ដែលកំពុងតែសិក្សា ក្នុងការជួយផ្តល់ជាគន្លឹះដល់ពួកគេ ដើម្បីចាប់យកជំនាញឲ្យបានច្បាស់លាស់ និងស្របតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងអនាគតជាដើម។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ https://www.nea.gov.kh និងទំព័រ Facebook neakhmer (អិនអ៊ីអេ ខ្មែរ)ជាដើម៕