(ភ្នំពេញ)៖ កម្មករនិយោជិត តាមបណ្តារោងចក្រសហគ្រាសធំៗ នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបជុំគ្នានៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន ដើម្បីអបអរសាទរចំពោះការដាក់បញ្ចូលប្រាសាទកោះកេររបស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ការចេញគាំទ្ររបស់រោងចក្រកាត់ដេរទាំងនេះ គឺធ្វើឡើងព្រមៗគ្នាជាមួយក្រសួង មន្ទីរ វត្តអារាម និងប្រជាជនខ្មែរទូទាំងប្រទេស ក៏ដូចជាប្រជាជនខ្មែរនៅទូទាំងពិភពលោកដែលប្រសាទដូនតារបស់ខ្លួនមួយទៀត ត្រូវចូលជាសម្បត្តិរបស់មនុស្សជាតិក្នុងលោក។

កម្មករនិយោជិតបាននាំគ្នាស្រែកព្រមៗគ្នាថា៖ «សូមអបអរ ! ប្រាសាទកោះកេរត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជ័យយោ ! ព្រះរាជណាចក្រកម្ពុជា»

កម្មករនិយោជិតបាននាំគ្នាស្រែកហោយ៉ាងអឺងកង អ្នកខ្លះ គោះត្រដោក គោះធុង ដោយទឹកមុខសប្បាយរីករាយ និងបង្ហាញពីទឹកចិត្តមោទកភាពចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែលរាជរដ្ឋាភិបាលសម្រេចបានយ៉ាងត្រចេះត្រចង់ចំពោះការចុះនូវសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុក។

រោងចក្រទាំងនោះរួមមាន ក្រុមហ៊ុន W&D ស្ថិតនៅក្នុងខណ្ឌមានជ័យ ក្រុមហ៊ុន ឌីឡាក់ ហ្គា ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រោងចក្រ ត្រាកស៍ អឹ ឌី ស្ថិតនៅក្នុងសែនសុខ ក្រុមហ៊ុន អ៊ីស្តក្រោន ស្ថិតនៅក្នុងខណ្ឌមានជ័យ និង ក្រុមហ៊ុន លីឌីងស្តារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងតាមបណ្តារោងចក្រសហគ្រាសផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕