Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយឧបត្ថម្ភ​ដល់​លោក​វរសេនីយ៍ឯក​ ពេជ្រ សំណាង ដែលកំពុង​មានជំងឺ​រលាក​លំពែងធ្ងន់ធ្ងរ

10-08-2016 16:11

(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានថវិកា៥លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនដល់ លោកវរសេនីយ៍ឯក ពេជ្រ សំណាង អាយុ ៣៨ឆ្នាំ នាយរងសេនាធិការហ្វឹកហ្វឺន នៃសាកលវិទ្យាល័យការពារជាតិ ដែលមានជំងឺរលាកលំពែងធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា។

ក្នុងឱកាសផ្តល់ឧបត្ថម្ភនេះ ដែលធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ លោកស្រី ទេព សុផាន់ណា ត្រូវជាភរិយាលោក ពេជ្រ សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ចាស់ជរា កុមារកំព្រា ជនពិការ និងប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រភេទ ដែលជួបការលំបាក ដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីឡើយ។ ថវិកាដ៏ថ្លៃថ្លានេះ នឹងអាចជួយសម្រាលការលំបាកយ៉ាងធំ ដល់គ្រួសាររបស់លោកស្រី ដែលអាចប្រើប្រាស់សម្រាប់ទិញថ្នាំ និងព្យាបាលជំងឺស្វាមីឱ្យបានប្រសើរឡើងវិញ។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់លោកវរសេនីយ៍ឯក ពេជ្រ សំណាង សូមថែទាំសុខភាពឱ្យបានល្អ និងសូមជូនពរឲ្យបានឆាប់ជាសះស្បើយពីជំងឺ៕