(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងសុំទស្សនទាន ផ្តល់បទពិសោធន៍ពីថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

ប្រតិភូកងទ័ពបង់ក្លាដេស ដឹកនាំដោយវរនាវីឯក ហ្កាស៊ី ហ្គោលម ម៉ូនីលែដ (Gazi Golumn Moniled ) នាយសេនាធិការនៃមហាវិទ្យាល័យ បញ្ជាការសេនាធិការបង់ក្លាដេស និងសមាជិកដែលជាសិក្ខាកាម ចំនួន៣១រូប។ ជំនួបនេះបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ ក្នុងឱកាសដែលប្រតិភូមកបំពេញដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីនយោបាយឈ្នះឈ្នះ ដែលនាំឱ្យប្រទេសកម្ពុជា និងកងយោធពលខេមរភូមិន្ទ មានការវិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ។

ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ រីករាយ ស្និទ្ធស្នាលបំផុត ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីភាពរីកចម្រើនរបស់កម្ពុជា និងកងយោធពលខេមរភូមិន្ទ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស នៅកម្ពុជាលើកនេះដោយបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមកងទ័ពបង់ក្លាដេសនៅកម្ពុជាលើកនេះថានឹងនាំមកនូវការផ្លាស់ប្ដូរបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ក្នុងការកសាងកងទ័ពមួយដើម្បីសមាហរណកម្ម កងទ័ពនៅក្នុងតំបន់ឱ្យកាន់តែមានសមត្ថភាព គុណភាព លើភារកិច្ចការពារជាតិរបស់ខ្លួន និងការពារសន្តិសុខ សន្តិភាពក្នុងតំបន់។

លោកវរនាវីឯក ហ្កាស៊ី ហ្គោលម ម៉ូនីលែដ ជំនួសមុខឲ្យថ្នាក់ដឹកនាំមហាវិទ្យាល័យ បញ្ជាការសេនាធិការបង់ក្លាដែស និងសមាជិកប្រតិភូនិងសិក្ខាកាមទាំង៣១រូប ដែលមកពីគ្រប់ជំនាញក្នុងកងទ័ពបង់ក្លាដេស បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងនាយទាហានគ្រប់ជាន់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល រាក់ទាក់ដល់ប្រតិភូនាយទាហានបញ្ជាការសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស នៅកម្ពុជាលើកនេះ ព្រមទាំងបានផ្ដល់នូវបទបង្ហាញអំពីបទពិសោធន៍ល្អៗ របស់កងយោធពលខេមរភូមិន្ទ ជូនដល់ប្រតិភូសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស ដើម្បីបានសិក្សារៀនសូត្រ ហើយសរសេរនៅសារណាបញ្ចប់វគ្គក្រោយពេលមាតុភូមិនិវត្តន៍ទៅដល់ប្រទេសបង់ក្លាដែសវិញ។

លោក វរនាវីឯក ហ្កាស៊ី ហ្គោលម ម៉ូនីលែដ បានគោរពអញ្ជើញដល់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ពិសេសនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅបំពេញដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវការ និងមិត្តភាពនៅមហាវិទ្យាល័យបញ្ជាការសេនាធិការ កងទ័ពបង់ក្លាដេស ទៅតាមពេលវេលាណាមួយសមស្រប ដើម្បីបានបង្កើនទំនាក់ទំនងរវាងកងទ័ពទាំងពីរកាន់តែមានភាពល្អប្រសើរ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់នឹងថ្លែងការអរគុណចំពោះការយកចិត្តទុកដាក់របស់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស ដែលបានអញ្ជើញឯកឧត្តមទៅបំពេញដំណើរទស្សនកិច្ចនៅប្រទេសបង់ក្លាដេស ហើយក៏សូមថ្លែងនូវអំណរអរគុណចំពោះរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការកងទ័ពបង់ក្លាដេស ដែលកន្លងមកបានផ្ដល់នូវអាហារូបករណ៍ដល់កងទ័ពកម្ពុជា ហើយកងទ័ពកម្ពុជា រីករាយស្វាគមន៍ និងផ្ដល់នូវបទពិសោធន៍តាមរយៈនៃការធ្វើបទបង្ហាញ ស្ដីពីការរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ និងការវិវត្តរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យដល់សិក្ខាកាមរបស់ប្រទេសបង់ក្លាដេស ដើម្បីបានសិក្សាស្វែងយល់បន្ថែមនឹងកាន់តែច្បាស់ថែមទៀត នៅអ្វីដែលកងយោធពលខេមរភូមិន្ទបានបំពេញសម្រាប់ប្រទេសជាតិរបស់ខ្លួនទាំងនៅក្នុងតំបន់ និងនៅលើសាកលលោក៕