(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីសន្តិភាព សុវត្តិភាព ភាពសុខដុមរមនា និងការអភិវឌ្ឍ ទាំងក្នុងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសថ្លែងសុន្ទរកថាបើកសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ក្រោមប្រធានបទ ‌‍«ពិភពលោកមួយសន្តិសុខរួម» តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

សន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ក្រោមប្រធានបទ ‌‍«ពិភពលោកមួយសន្តិសុខរួម» ធ្វើឡើងទីក្រុង Lianyungang ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ដោយមានការចូលរួមពីមន្ត្រីអនុវត្តច្បាប់ អ្នកជំនាញ មកពីប្រទេស និងតំបន់ចំនួន៥០។

តាមរយៈវីដេអូថ្លែងសុន្ទរកថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចមហាបវរធិបតី សូមសម្តែងនូវការអបអរសាទរ ជូនចំពោះថ្នាក់ដឹកនាំ ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជននៃប្រជាមានិតចិន ចំពោះគំនិតផ្តួចផ្តើមនៃការរៀចបំនូវវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលនេះ ចាប់តាំងពីឆ្នាំ២០១៥មក។

សម្តេចបានថ្លែងថា វេទិកានេះ បានបង្កលក្ខណៈ និងលទ្ធភាពដល់គ្រប់អង្គភាពពាក់ព័ន្ធជាពិសេសថ្នាក់ដឹកនាំ និងអង្គអនុវត្តន៍ច្បាប់នៃបណ្តាប្រទេសជាច្រើន បានជួបជុំនិងផ្លាស់ប្តូរមតិយោបល់ ព្រមទាំងបទពិសោធន៍សំខាន់ៗ ដើម្បីបម្រើដល់កិច្ចការថែរក្សា សន្តិសុខក្នុងប្រទេសរបស់ខ្លួន និងសន្តិសុខសកល។

សម្តេចក៏បានថ្លែងអំណរគុណដល់ លោក វ៉ាង សៀវហុង (Wang Xiaohong) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញ និងអនុញ្ញាតឱ្យសម្តេចថ្លែងសុន្ទរកថា ជូនអង្គសន្និសីទនេះ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏សូមជូនពរដល់លោក វ៉ាង សៀវហុង ក្នុងការដឹកនាំសន្និសីទដ៏មានសារសំខាន់នេះ ទទួលបានជោគជ័យ ត្រចេះត្រចង់តាមការគ្រោងទុក។

សម្តេចបានថ្លែងថា សន្និសីទប្រចាំឆ្នាំ២០២៣នេះ បានជ្រើសរើសមូលបទដ៏មានសារសំខាន់ គឺពិភពលោកមួយសន្តិសុខរួម ដែលឆ្លុះបញ្ចាំងអំពីថតភាពបច្ចុប្បន្ន និងចក្ខុវិស័យវែងឆ្ងាយ នៃភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព ការផ្តោតសំខាន់លើការថែរក្សាសន្តិសុខសកល សំដៅបង្កើតឡើងនូវកាលានុវត្តភាព នៃការវិវឌ្ឍនៃវិបុលភាពសង្គម សេដ្ឋកិច្ច សម្រាប់មនុស្សគ្រប់រូប។

សម្តេចសង្កត់ធ្ងន់ថា «ចក្ខុវិស័យវែងឆ្ងាយនេះ ក៏មានសង្គតភាពទៅនឹងការប្តេជ្ញាចិត្ត ទាំងកម្រិតនយោបាយ និងកម្រិតបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីសន្តិភាព សុវត្តិភាព ភាពសុខុដមរមនា និងការអភិវឌ្ឍថ្នាក់ជាតិ តំបន់ និងអន្តរជាតិ»

សម្តេចបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមរៀបចំលិខិតតុបករណ៍ យុទ្ធសាស្ត្រ គោលនយោបាយពាក់ព័ន្ធនាន ដើម្បីលើកកម្ពស់ ការផ្សាភ្ជាប់ជិតស្និត រវាងកងកម្លាំងអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ រាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ យើងនឹងអាចប្រមូលផ្តុំនូវវិធានការសរុប ឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានា ដែលជាក្តីបារម្ភរួមពាក់ព័ន្ធជាមួយវិស័យសន្តិសុខ ក្នុងបុព្វហេតុរួមនៃសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់ ។

ជាមួយគ្នានេះ ស​ម្តេចជឿជាក់ថា កិច្ចពិភាក្សាលម្អិតគ្រប់ជ្រុងជ្រោយ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងអង្គសន្និសីទទាំងមូលលើបញ្ហាសំខាន់ៗទាំងនេះ និងអាចរកឃើញនូវវិធានគន្លឹះចាំបាច់មួយចំនួនបន្ថែមទៀត ដែលបម្រើដល់ឧត្តមប្រយោជន៍ នៃកិច្ចការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៃបណ្តាប្រទេសនានា និងសន្តិសុខសកលជាក់ជាមិនខាន៕