(ភ្នំពេញ)៖ លោក ហ៉ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល និងប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់ នៃកំពង់ផែស្វយ័តភ្នំពេញ រៀបចំពិធីវាយគង ទូងស្គរ ដើម្បីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានបញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ដោយបូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕