Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់ថវិកា​៥ម៉ឺនដុល្លារ ​ជូនអង្គការ​ជំនួយនៃក្តីសង្ឃឹម​សម្រាប់​សហគមន៍​ ដើម្បី​សង់មណ្ឌល​ជូនកុមារ​ខ្សោយសតិបញ្ញា

10-08-2016 15:56

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក ជូនអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដើម្បីសាងសង់មណ្ឌល សម្រាប់ស្នាក់នៅ និងបណ្តុះបណ្តាលជូនកុមារខ្សោយសតិបញ្ញា ចំនួន៧០នាក់ ដែលមានទីតាំងបណ្តោះអាសន្ន នៅអនុវិទ្យាល័យអនុវត្តន៍ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការសម្រេចនេះបានធ្វើឡើង ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ និងកុមារកំព្រា ២៥០នាក់ រួមជាមួយ គ្រូ បុគ្គលិក និងពេទ្យ ចំនួន៩១នាក់ នៅបុរីទារក និងកុមារជាតិ ស្ថិតនៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយចូលរួមក្នុងកម្មវិធីនេះមាន កុមារ បុគ្គលិកមកពី អង្គការសាលាទន្សាយ អង្គការហេបភីទ្រី និងអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍។

សូមបញ្ជាក់ថា ផ្ទៃដីសរុបចំនួន ១,៣៧១ម៉ែតក្រឡា សម្រាប់សាងសង់មណ្ឌលនេះ ជាអំណោយរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី៕