(ស្វាយរៀង)៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រី នៃមន្ទីរ និងព្រះសង្ឃចំនួន២៤៦វត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទ សិស្សានុសិស្ស ចូលរួមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

លោក ទីវ សុភា បានឲ្យដឹងថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀង មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានបែងចែកថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរ សហការជាមួយសាលាគណខេត្ត និងសាលាអនុគណទាំង៨ក្រុង ស្រុកចុះសម្របសម្រួលដល់ការរៀបចំវាយគង ជួង រគាំង និងគោះត្រដោក តាមបណ្តាវត្តចំនួន២៤៦វត្ត និងវិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនមានចរិតសាសនាផ្សេងៗ ចំនួន៥៧កន្លែង ក្នុងខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន៖ ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕