(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញនូវមោទនភាពយ៉ាងក្រៃលែង ក្រោមម្លប់នៃសុខសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលព្រលឹងវប្បធម៌ជាតិខ្មែរ គឺ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងអំពាវនាវឲ្យជនរួមជាតិទាំងអស់ បន្ដថែរក្សាសន្តិភាពឲ្យបានគង់វង្ស បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ។

ការលើកឡើងរបស់លោក កើត ឆែ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញតំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងពិធីវាយគង ទូងស្គរ និងគោះត្រដោក ដើម្បីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានអះអាងថា នៅពេលដែលជាតិសាសន៍មួយ ត្រូវបានពិភពលោកទទួលស្គាល់ ដោយយកព្រលឹងវប្បធម៌របស់ជាតិ ទៅដាក់ចូលជាបេតិកភណ្ឌពិភពលោក យើងពិតជាមានមោទនភាពណាស់។ លោកបន្តថា មោទនភាពជាតិ កើតមាននៅពេលដែលកម្ពុជាយើងមានសុខសន្តិភាព, មោទនភាពជាតិនេះ តាមបទពង្សាវតាខ្មែរ យើងបានបាត់បង់យូរឆ្នាំមកហើយ តែពេលនេះកម្ពុជាយើងមានមោទនភាពជាតិឡើងវិញ។

លោកបន្ដទៀតថា «បើគ្មានសន្តិភាព យើងគិតថា មោទនភាពជាតិនេះ គឺមិនមានទេ បើគ្មានសន្តិភាពយើងក៏គ្មានមោទនភាពជាតិដែរ។ យើងត្រូវចងចាំថា អ្វីដែលយើងមាននៅពេលនេះ គឺកើតឡើងពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន និងការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី»។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តវីរភាពរបស់សម្ដេច ហ៊ុន សែន នាំជាតិកម្ពុជាទៅរកភាពសុខសាន្តរុងរឿង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យកូនចៅរបស់យើងរស់នៅក្នុងសន្តិភាព ក្នុងសេចក្តីថ្លៃថ្នូរ នាំជាតិមាតុភូមិរបស់យើងនៅកាន់គោលដៅដែលយើងចង់បាន។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន៖ ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕