(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើ ដើម្បីអបអរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈ គិរីរម្យខេត្តកំពង់ស្ពឺ។

ពិធីដាំដើមឈើនេះ មានសមាសភាពចូលរួមប្រមាណ ៧០០នាក់ មានឥស្សរជនថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័ន យុវជនកាកបាទក្រហមកម្ពុជា មកពីសាខាខេត្តកំពង់ស្ពឺ, សាខាខេត្តព្រះសីហនុ, សាខាខេត្តកណ្តាល, សាខារាជធានីភ្នំពេញ រួមជាមួយ ប្រធានគណៈកម្មាធិការសាខាមកពីសាខានីមួយៗ នៃសាខាចំនួន២១ ផ្សេងទៀត។

ដោយឡែកខាងភ្ញៀវកិត្តិយសអន្តរជាតិវិញ គឺមានសរុប ៤៥នាក់ ក្នុងនោះមានលោកអគ្គលេខាធិការអាស៊ាន និងមន្ត្រីអម ៣នាក់, ប្រតិភូសហព័ន្ធអន្តរជាតិ ៣នាក់, អាយ.ស៊ី.អរ.ស៊ី ៣នាក់, ប្រតិភូយុវជនមកពីសមាគមជាតិទាំង១១ ចំនួន ៣៥ នាក់។ ក្នុងសមាសភាពអន្តរជាតិនេះ ក៏មានគណៈប្រតិភូ ថ្នាក់ដឹកនាំសមាគមជាតិចំនួន ៣  ដែលអញ្ជើញមកដល់កម្ពុជានៅថ្ងៃទី ១៩ កញ្ញា នឹងចូលរួមក្នុងពិធីដាំដើមឈើនេះដែរ គឺសមាគមជាតិកាកបាទក្រហមឡាវ (៥នាក់), កាកបាទក្រហមមីយ៉ាន់ម៉ា (២នាក់) និងកាកបាទក្រហមវៀតណាម (២នាក់) និងទីម័រខាងកើត។

ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។

ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវអន្តរជាតិរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការជឿជាក់យ៉ាងមុតមាំរបស់ថា តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើបានកាន់តែច្រើន និងមានឥទ្ធិពលបន្ថែមទៀត។

កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នឹងប្រមូលផ្ដុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមកម្ពុជា, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម មានគ្នាសរុបប្រមាណ ៤០នាក់។

មុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំ ក៏មានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលលើកទី១ បានប្រព្រឹត្តទៅនៅទីក្រុងបានដាសេរី បេហ្គាវ៉ាន នៃប្រទេសព្រុយណេ។ វេទិកាយុវជនទី២ ប្រារព្ធធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា នឹងមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។

វេទិកាយុវជននេះ នឹងផ្ដោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌។

គណៈប្រតិភូយុវជនទាំងអស់ ក៏បានមកដាំដើមឈើចំនួន ២,០០០ដើមលើផ្ទៃដីជាង ២ហិកតា និងនៅកសិណ ជុំវិញព្រះចុល្លាមុនីចេតិយ នាថ្ងៃទី២០ ខែកញ្ញានេះ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងប្រធានមជ្ឈមណ្ឌល។

ការដាំដើមឈើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីដំណោះស្រាយដោយផ្អែកលើធម្មជាតិ ក៏ដូចជាលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការដាំដើមឈើ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ៕