(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោកទី៤ របស់កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់សារយ៉ាងដូចនេះថា «ស្ថានទូតជប៉ុនសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោកទី៤របស់កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៤៥របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ យើងខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសហគមន៍ ប្រជាជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចការអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយក្នុងការចុះបញ្ជីនេះ»

សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ដោយបូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕