(ភ្នំពេញ)៖ នៅព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចព្រះសង្ឃនាយក សម្តេច​ព្រះ​សង្ឃនាយករង ព្រះសង្ឃទូទាំងព្រះរាជាណាចក្រកម្ពុជា បានវាយគង ជួង រគាំង ទូងស្គរ និង​គោះត្រដោក តាមវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់​ការ សាលារៀនមានចរិតសាសនាផ្សេងៗ រួមទាំងក្រសួងធម្មការមន្ទីរធម្មការ និងសាស​នា ចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុង​បញ្ជី​បេតិក​ភណ្ឌពិភពលោក។

«រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក​ជាផ្លូវការ​របស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ាប៊ី​សាអូឌីត។

«រមណីយដ្ឋានប្រាសាទកោះកេរ» ជារតនសម្បត្តិរបស់ខ្មែរទី៤ហើយ ដែលត្រូវបានចុះបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ បន្ទាប់ពីរមណីយដ្ឋានអង្គរ (ចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា), ប្រាសាទព្រះវិហារ (ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា) និងតំបន់ប្រាសាទសំបូរព្រៃគុក (ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា)។

ជាការបង្ហាញមោទនភាព និងលើកកម្ពស់ជាតិនិយម ដែលរមណីយដ្ឋានកោះកេរ ក្លាយជា​សម្បតិបេតិកភណ្ឌពិភពលោកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ណែនាំឱ្យរៀបចំពិធីអបអរសាទរនៅតាមក្រសួង មន្ទីរ ស្ថាប័ន​របស់​រដ្ឋ មន្ត្រីរាជការ​ទាំង​ថ្នាក់​ជាតិ ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ គ្រឹះស្ថានអប់រំ និងទីអារាម រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកឱ្យបានកងរំពង។

នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅតាមក្រសួង មន្ទីរ ស្ថាប័នរបស់​រដ្ឋ មន្ត្រីរាជការទាំងថ្នាក់ជាតិ ក្រោមជាតិ កងម្លាំងប្រដាប់អាវុធ គ្រឹះស្ថានអប់រំ ព្រមទាំងព្រះ​សង្ឃតាមទីអារាមនានា បានរៀបចំពិធីអបអរសាទរព្រមៗគ្នាយ៉ាងកងរំពងជាទីបំផុត។ តាម​រយៈការរៀបចំពិធីអបអរសាទរទាំងនេះ បានបង្ហាញឱ្យឃើញនូវស្នាមញញឹម ក្តីរីករាយ ត្រេក​​អរ និងមោទនភាពជាខ្លាំង ដែលសម្បត្តិជាមរតកដូនតាខ្មែរមានតម្លៃមហាសាលក្លាយ​ទៅជាសម្បត្តិរបស់ពិភពលោក។

សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។ ព្រះអង្គ បាននាំយកព្រះសេវលិង្គ ដែលជាទេពសម្រាប់រាជ្យ (ខ្មែរបុរាណហៅថា «កម្រតេងជគតតរាជ» ឬភាសាសំស្រ្តឹតហៅថា«ទេវរាជ» មកតម្កល់នៅទីស្ថានថ្មីនេះ។ ដល់ឆ្នាំ៩២៨ ព្រះបាទជ័យវម៌្មទេវទី៤ឡើងសោយរាជ្យពេញលេញក្រោយពីព្រះបាទឥសានវម៌្មទេវទី២ ដែលជាក្មួយរបស់ព្រះអង្គ ហើយសោយរាជ្យនៅរាជធានីអង្គរបានចូលទវង្គតទៅ។

បន្ទាប់ពីឡើងសោយរាជ្យផ្លូវការហើយ ព្រះអង្គបានធ្វើឲ្យតំបន់កោះកេរក្លាយជារាជធានី ដែលជាមជ្ឈមណ្ឌលនយោបាយធំនៅសម័យនោះ។ ចំណែក ប្រាសាទផ្សេងៗទៀត កសាងឡើងសម្រាប់តម្កល់បដិមាសំខាន់ៗ ដែលមានទំហំធំៗប្រកបដោយសោភ័ណ្ឌភាព និងកាយវិការយ៉ាងរស់រវើក។ បដិមាទាំងនោះមានដូចជាព្រះឥសូររាំ, ព្រះព្រហ្ម, ព្រះនា​រាយណ៍ និងក៏ដូចជាបដិមាមួយក្រុមដែលបាន​បង្ហាញជាឈុតមួយនៃការប្រយុទ្ធគ្នា​រវាងក្រុមបណ្ឌព និងក្រុមកោរព នៃរឿងមហាភារត។

តាមរយៈសិលាចារឹក បានឲ្យដឹងថារាជធានីនេះមានឈ្មោះដើមជាភាសាសំស្រ្កឹតថា លិង្គបុរ និងមានឈ្មោះមួយទៀតហៅថា ឆោកគគ៌្យ។ ឆោកគគ៌្យ នេះដែលមានអ្នកប្រាជ្ញជាតិ និងអន្តរជាតិមួយចំនួនប្រែថា ស្រះគគីរ គោកគគីរ ឬអ្នកខ្លះទៀតក៏បានប្រែថាជាកោះគគីរ។ ប៉ុន្តែក្រោយមកក៏មានការយល់ស្របគ្នាដោយហៅមកជា កោះកេរ មកដល់សព្វថ្ងៃ។

ក្រោយពីព្រះបាទជ័យវម៌្មទេវទី៤ បានសោយព្រះទិវង្គតនៅឆ្នាំ៩៤១ទៅ ព្រះរាជបុត្ររបស់ព្រះអង្គ មានព្រះនាមថា ហសវម៌្មទេវទី២ សោយរាជ្យបន្តបានតែ២-៣ឆ្នាំប៉ុណ្ណោះ។ នៅឆ្នាំ៩៤៤ ព្រះបាទរាជេន្រ្ទវម៌្មទេវទី២ ដែលជាក្មួយរបស់ព្រះបាទជ័យវម៌្មទេវទី៤ ឡើងសោយរាជ្យបន្តហើយបានប្តូររាជធានីពីកោះកេរនេះទៅរាជធានីអង្គរឡើងវិញ។

រាជធានីកោះកេរនេះ មានផ្ទៃក្រឡាប្រហែលជា ៤០០០ហិចតា ដែលក្នុងនោះមានការរៀបចំក្រុងជាមួយ និងរចនាសម្ព័នផ្លូវថ្នល់ រហាល ស្រះ សំណង់រក្សាទឹក ពិសេសការៀបចំប្រព័ន្ធទឹកឲ្យសមស្របជាមួយទីតាំងភូមិសាស្ត្រ។ ក្រៅពីនេះក្នុងរាជធានីកោះកេរ ក៏មានជាសំណង់ស្ថាបត្យកម្មសំខាន់ៗមួយចំនួនទៀតដូចជា រាជវាំង ប្រាសាទរាជសម្រាប់ព្រះរាជាគោរពបូជា ប្រាសាទសម្រាប់ឧទ្ទិសទៅកាន់បុព្វការរីជន ប្រាសាទសម្រាប់សារធារណៈជនគោរពបូជា សំណង់មន្ទីរពេទ្យ។

ព្រះអង្គបានកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដូចជាទំនប់ទឹក, រហាល, ត្រពាំងតូច ធំ ជាច្រើន និងកសាងប្រាសាទជាច្រើនក្នុងរាជធានីថ្មីនេះដូចជាប្រាសាទធំ ដែលជាស្ថាបត្យកម្មលេចធ្លោនៅកោះកេរនេះ។ មិនតែប៉ុណ្ណោះក្នុងរាជធានីកោះកេរ ក៏មានជាកន្លែងធ្វើឧស្សាហកម្មអំពីដែក ក៏ដូចជាការឧស្សាហកម្មផលិតកុលាលភាជន៍សម្រាប់បម្រើលើការប្រើប្រាស់ និងផ្គត់ផ្គង់ទៅលើមនុស្សក្នុងតំបន់ក៏ដូចជានាំចេញដែរ។

ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ មានប្រាសាទចំនួន ៧៦ ប្រាសាទ និង ស្ថានីយបុរាណចំនួន ៥១ស្ថានីយ។ តំបន់កោះកេរ នៅតែជាសហគមន៍មនុស្សរស់នៅក្នុងសម័យអង្គរជាហូរហែពីសតវត្សទី៩ដល់សតវត្សទី១៥ ទោះបីទីនេះលែងមានតួនាទីជារាជធានីធំដុំចាប់ពីឆ្នាំ៩៤៤ក៏ដោយ។

មូលហេតុ ដែលរមណីយដ្ឋានកោះកេរនេះនៅតែមានតួនាទីសំខាន់ គឺអាចមកពីទីនេះស្ថិតនៅតាមបណ្ដោយផ្លូវធំបុរាណ ដែលតភ្ជាប់ពីរាជធានីអង្គរទៅតំបន់វត្តភូ (សព្វថ្ងៃក្លាយជាទឹកដីឡាវ) និងតភ្ជាប់ទៅទីតាំងផ្សេងទៀតនៅក្នុងអាណាចក្រខ្មែរជំនាន់នោះ។

រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីទទួលបានចំណាត់ថ្នាក់ដែលអាចចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន ដោយយោងតាមលក្ខណៈវិនិច្ឆ័យទី២ និង ទី៤ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំង១០ ដែលបានចែងរបស់អង្គការយូណេស្កូ។ ក្នុងនោះដែរ លក្ខណៈវិនិច្ឆ័យទី២ គឺបានបង្ហាញអំពីការផ្លាស់ប្តូរនូវតម្លៃមនុស្សជាតិ ដែលបានកំណត់យ៉ាងច្បាស់លាស់ទៅលើការអភិវឌ្ឍលើវិស័យស្ថាបត្យកម្ម បចេ្ចកទេសបង្ហាញពីសិល្បៈខ្នាតធំ និងមានផែនការការរៀបចំក្រុងច្បាស់លាស់។ ចំពោះលក្ខណៈវិនិច្ឆ័យទី៤ គឺបានបង្ហាញជាំគំរូមួយនៃបណ្តុំសំណង់ស្ថាបត្យកម្ម ដែលបានបែងចែកជាដំណាក់កាលដ៏មានសារៈសំខាន់ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។

ជាមួយគ្នានេះ ក្នុងការចុះរមណីយដ្ឋាន ប្រាសាទកោះកេរនេះ បានយោងទៅលើគុណតម្លៃដូចជា ស្នាដៃរួមបញ្ចូលគ្នារវាងលក្ខណៈភូមិសាស្រ្ត និងរចនាសម្ព័នថ្មីមួយ ដែលបានរំលេចចេញជាក្រុងមួយច្បាស់លាស់។ មួយវិញទៀត រចនាសម្ព័ននៃប្រព័ន្ធទឹក បានបន្តបម្រើនូវការប្រើប្រាស់របស់អ្នកស្រុកពីសម័យបុរាណមកដល់បច្ចុប្បន្ននេះ៕