(ភ្នំពេញ)៖ ដោយគោរពអនុវត្តន៍តាមសេចក្ដីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនៅវេលាម៉ោង៧:០០ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាការផ្សារធំថ្មីរួមជាមួយអាជីវករលក់ដូរ នាំគ្នាអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងសម័យប្រជុំលើកទី៤៥ នៅឯទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីអបអរសាទរនេះធ្វេីឡេីងនៅទីតាំងផ្សារធំថ្មី ដែលរៀបចំដោយគណកម្មាការផ្សារនិងអាជីវករលក់ដូរនៅក្នុងផ្សារធំថ្មី រាជធានីភ្នំពេញទាំងមូល។
គណៈកម្មាការផ្សារធំថ្មី ក៏ដូចជាអាជីវករទាំងអស់នៅទីនេះមានសេចក្តីរីករាយ ជាមួយមហាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ជាតិនៅលើឆាកអន្តរជាតិដែលត្រូវបានអង្គការយូនីស្កូ សម្រេចដាក់បញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេរ នៅពេលនេះ។ នេះជាការកើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរភាព ក្រោមម្លប់នៃសុខសន្តិភាព និងសមិទ្ធផល នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។
នៅក្នុងឱកាសនោះគណៈកម្មការផ្សារអាជីវករបាននាំគ្នាវាឃ្មោះ លេងឆៃយ៊ាំគ្រវីទង់ជាតិ និងស្រែកជយឃោស ដើម្បីអបអរសាទរយ៉ាងមហោឡារិក ចំពោះជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពេលនេះផងដែរ៕