(ស្វាយរៀង)៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំលោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនៃវិទ្យាស្ថាន ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូសិស្សនិស្សិតប្រមាណជាង៤០០នាក់ផងដែរ។

លោក មុត ចិន្តា បានថ្លែងថា ថ្ងៃនេះវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង បានប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូហើយរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ របស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

លោកបានជំរុញដល់សិស្ស និស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្រដើម្បីឆក់យកឱកាសនៅពេលនេះ ក្នុងការរៀនយកជំនាញ ព្រោះនាពេលបច្ចុប្បន្ននេះនៅតាមបណ្ដារោងចក្រ ក្រុមហ៊ុនផ្សេងៗ គេត្រូវការបុគ្គលិកដែលមានជំនាញ និងចំណេះដឹងពិតប្រាកដដើម្បីបម្រើការងារ។ មួយវិញទៀត ត្រូវចៀសឲ្យឆ្ងាយអំពើអបាយមុខផ្សេងៗ ដូចជាបងតូចបងធំនៅក្នុងសាលា និងចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតនិងសង្គមជាតិផងដែរ។

លោក មុត ចិន្តា ក៏បានក្រើនរំលឹកដល់សិស្ស និស្សិតទាំងអស់កុំឆាប់ប្រឡូកនឹងសេចក្តីស្នេហាពេក ដែលនាំឲ្យបាត់បង់អនាគតក៏ដូចជាការសិក្សា ត្រូវតែចាប់យកជំនាញ និងខិតខំរៀនសូត្រឲ្យបានជោគជ័យទើបអនាគតល្អប្រសើរ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន៖ ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕