(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទរៀបចំពិធី វាយគង ជួង រគាំង និងទូងស្គរ ដើម្បីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអង្គការយូណេស្គូ សម្រេចជាឯកច្ឆ័នចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។

លោក ចាយ បូរិន បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបង្ហាញយ៉ាងច្បាស់ទៅអន្តរជាតិ និងពិភពលោកថាប្រទេសកម្ពុជា សម្បូរទៅដោយសម្បត្តិបេតិកភណ្ឌជាច្រើននៅមិនទាន់ដាក់បញ្ចូល ហើយសាកសមជាព្រះរាជាណាចក្រអច្ឆរិយៈ។

ការចុះបញ្ជី ប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នាពេលនេះ ជាមោទនភាពជាតិខ្មែរយ៉ាងធំធេងជាថ្មីទៀត បន្ទាប់ពីប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ហើយនិងប្រាសាទសំបូរព្រៃគុក បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕