(កំពង់ធំ)៖ ដោយគោរពអនុវត្តន៍តាមសេចក្ដីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤, នៅវេលាម៉ោង៧:០០ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីទូងស្គរអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងសម័យប្រជុំលើកទី៤៥ នៅឯទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីអបអរសាទរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ញើជូនជនរួមជាតិកម្ពុជា អំពីមហាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ជាតិយើងនៅលើឆាកអន្តរជាតិដែលត្រូវបានអង្គការយូនីស្កូ សម្រេចដាក់បញ្ចូលរម្មណីដ្ឋាន ប្រាសាទកោះកេរ នៅពេលនេះ ដែលនេះជាការកើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរភាព ក្រោមម្លប់នៃសុខសន្តិភាព និងសមិទ្ធផល នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។
នៅក្នុងឱកាសនេះ នៅវេលាម៉ោង៧:០០នាទីព្រឹក នៅថ្ងៃខែឆ្នាំដដែល បន្ទាប់ពីអានសារៈលិខិតជូនជនរួមជាតិកម្ពុជារបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត រួចមកឧត្តមសេនីយ៍ទោ សោម ស៊ុន បានវាយជួង ទូងស្គរ គ្រវីទង់ជាតិ និងស្រែកជ័យឃោស ដើម្បីអបអរសាទរយ៉ាងមហោឡារិក ចំពោះជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពេលនេះផងដែរ។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តជ្ញាចិត្តដាច់ខាតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រថែរក្សាឲ្យបាននូវសុខសន្តិភាព និងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕