(ព្រៃវែង)៖ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្រោមការណែនាំពីលោក ស សុខា តំណាងរាស្រ្ត និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្ត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាយកទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រះស្តេច និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។
លោក សែម គន្ធា អនុប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង បានឲ្យដឹងថា សម្រាប់ជនរងគ្រោះមួយគ្រួសារនៅស្រុកព្រះស្តេច បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបណ្តាលឲ្យប្រពន្ធ និងកូនម្នាក់ស្លាប់ ខណៈប្តីកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែក និងធ្វើឲ្យកូនម្នាក់ទៀតត្រូវរស់នៅ ដោយកំព្រាគួរឲ្យអាណិតណាស់។
លោក សែម គន្ធា បានបន្តទៀតថា «សម្រាប់កម្មវិធីនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះក្រុមការងាររបស់យើង បានយកអំណោយជាថវិកា និងសម្ភារប្រើប្រាស់មួយចំនួនរបស់លោក ស សុខា និងលោកស្រី កែ សួនសុភី ជូនដល់កុមារកំព្រាម្តាយ និងឪពុកមានជង្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត ដោយជួបគ្រោះថ្នាក់ចរចរណ៍ កាលពីប៉ុន្មានខែកន្លងទៅមុន»។
បើតាមលោក សែម គន្ធា ក្រុមការងាររបស់លោក ក៏បាននាំយកថវិការបស់លោកប្រធាន នាំយកទៅប្រគល់ជូន គ្រូបំប៉ននៅស្រុកស្វាយអន្ទរ ព្រមទាំងនាំយកអំណោយទៅប្រគល់ជូនប្រជាពលរដ្ឋ ជាង១០០នាក់នៅស្រុកព្រះស្តេចផងដែរ។ ក្រុមការងារបានផ្តាំផ្ញើការសួរសុខទុក្ខពី លោក ស សុខា និងលោកស្រី ដែលតែងតែគិតគូពីការរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងចាត់ចែងឲ្យក្រុមការងារនាំយកអំណោយ ទៅចែកជូនភ្លាមៗ៕