(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) ដែលជាលេខាធិការនៃសម្ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំយុទ្ធនាការ សបា្តហ៍សកល សម្រាប់សកម្មភាពទប់ស្កាត់ជំងឺមិនឆ្លង ក្រោមប្រធានបទ «ការលើកកម្ពស់សិទ្ធទទួលបានការថែទាំ ដល់អ្នកកំពុងរស់នៅជាមួយជំងឺមិនឆ្លង»។

កម្មវិធីនេះ រៀបចំធ្វើឡើង នៅសណ្ឋាគារភំ្នពេញ ដោយមានការអញ្ជើញចូលរួម ពីអង្គការសង្គមស៊ីវិល តំណាងពីស្ថាប័ន ភាគីពាក់ព័ន្ធ នាយកដ្ឋានការពារ សុខភាព នៃក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក នៃប្រទេសកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកដែលកំពុងរស់នៅជាមួយនឹងជំងឺមិនឆ្លង។

លោក ទឹម វរ៉ា នាយកប្រតិបត្តិ គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព បានថ្លែងថា ជំងឺមិនឆ្លងកំពុងជាបញ្ហាប្រឈម សម្រាប់ប្រជាជនទូទៅ ក្នុងការប្រឈមការរស់នៅប្រចាំថ្ងៃ ការចំណាយថវិកា ក្នុងការព្យាបាល។

លោកបន្ដថា ដូច្នេះយើងជាអង្គការសង្គមស៊ីវិល ភាគីពាក់ព័ន្ធគួរយកចិត្តទុកដាក់ នៅក្នុងការធ្វើការរួមគា្ន ក្នុងការទប់ស្កាត់ការកើនឡើងនៃជំងឺ ដោយហេតុផលថា ការបង្ការនៃកម្មវិធី នៅមានកំរិត និងតម្រូវឲ្យមានការទទួលការព្យាបាលជារៀងរហូត។

លោកស្រីវេជ្ជ ណាជីស្សា ខូជេវា ប្រធានក្រុមការងារជំងឺមិនឆ្លង នៃអង្គការសុខភាពពិភពលោក បានថ្លែងថា ថ្ងៃនេះ ជាថ្ងៃពិសេសដែលសម្ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង បានរៀបចំឡើង ហើយក៏មានការចូលរួមពី អង្គការធ្វើការងារទាក់ទងទៅនឹងជំងឺមិនឆ្លង តំណាងអ្នកជំងឺមិនឆ្លង ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងទៀត។

លោកស្រី លីនដា ម៉ាកូវ៉ា មន្ត្រីជាន់ខ្ពស់នៃសម្ព័ន្ឋប្រយុទ្ឋជំងឺមិនឆ្លងប្រចាំប្រទេសអង់គ្លេស ក៏សូមអរគុណដល់សម្ព័ន្ឋកម្ពុជាដើម្បីប្រយុទ្ឋនឹងជំងឺមិនឆ្លង ដែលបានរៀបចំកម្មវិធីនេះឡើង ដែលផ្តោតសំខាន់ទៅលើ ការលើកកម្ពស់សេវាសុខភាព ដល់អ្នកជំងឺក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានថ្លែងថា យើងនឹងធ្វើការពិភាក្សា អំពីការផ្តល់សេវាទៅលើជំងឺមិនឆ្លង ហើយនាយកដ្ឋាន បានធ្វើការ និងផោ្តត ជាសំខាន់ទៅលើការពង្រឹងការសហការ និងការបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាលថ្នាក់ជាតិ និងក្រោមជាតិ និងបន្តការបណ្តុះបណ្តាលដល់ថ្នាក់មូលដ្ឋាន។

ក្នុងកម្មវិធីនេះផងដែរ បន្ទាប់ពីការពិភាក្សារួចមក ក៏មានសកម្មភាពមួយចំនួន ដែលត្រូវធ្វើការដោះស្រាយ មានដូចជា៖
* ជំរុញការពិភក្សា និងបញ្ចប់លើសេចក្តីពង្រាងច្បាប់នៃការគ្រប់គ្រងជាតិស្រវឹង
* ជំរុញការអនុវត្តនៃការគ្រប់គ្រងចំណីអាហារដែលពុំសូវមានសុខភាពនៅតាមសាលារៀន
* បង្កើនការផ្តល់អាំងសូលីនដល់អ្នកដែលមានជំងឺទឹកនោមផ្អែម ឬកំពុងរស់នៅជាមួយនឹងជំងឺ
* បេឡាជាតិសង្គមគួរគ្របដណ្តប់ការផ្តល់សេវាពិនិត្យសុខភាពប្រចាំឆ្នាំដល់អ្នកដែលទទួលផល
* ជំរុញ និងពង្រីកការពិនិត្យរកមើលជំងឺមិនឆ្លងនៅគ្រប់មណ្ឌលសុខភាព
* ផ្តល់សេវាថែទាំសុខភាពភ្នែក និងការផ្តល់ការគាំទ្រផ្លូវចិត្តដល់អ្នកជំងឺមិនឆ្លង៕