(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញលិខិតចូលរួមអបអរសាទរ ដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

តាមរយៈលិខិតអបអរសាទរ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៦ និងទី៧ នៃរដ្ឋសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរបានខិតខំតស៊ូ ព្យាយាមរៀបចំឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូនជាតិមាតុភូមិនៅពេលនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា៖ «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ក៏សូមសម្តែងនូវអំណរព្រះមហាករុណាទិគុណដ៏ស្មោះស្ម័គ្រ បំផុតថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ និងដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ជំនាន់ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏ល្អឯក និងជាអត្តសញ្ញាណរបស់ជនជាតិខ្មែរជូនដល់កូនចៅជំនាន់ក្រោយតរៀងទៅ»

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

សូមជម្រាបដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕