(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី។ នេះជាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី២ នៃរាជរដ្ឋាភិបាលនីតិកាលថ្មី។ លើកទី១ធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា។

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងពិភាក្សាឆ្លងរបៀបវារៈមួយចំនួនដូចខាងក្រោម៖

ទី១៖ របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្តមុនដំណាច់ឆ្នាំ ២០២៣។

ទី២៖ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣- ២០២៨ ។

ទី៣៖ របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជានិងទិសដៅគោលនយោបាយសំខាន់ៗ។

ទី៤៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ទី៥៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

ទី៦៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ។

ទី៧៖ បញ្ហាផ្សេងៗ៕