(ក្រចេះ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើសង្កាត់សណ្ដាន់ បង្រាប់បានរថយន្ដដឹកឈើ១គ្រឿង ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

មន្ដ្រីនគរបាលជំនាញ បានឲ្យភ្នាក់ងារ Fresh News ថា រថយន្ដដែលបង្ក្រាបបាននេះ ម៉ាកសាំងយ៉ុង ព័ណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA-6870 ដោយក្នុងនោះផ្ទុកឈើ ប្រភេទលេខ១ គឺផ្ចឹក និងសុគ្រំ ប្រមាណជាង១ម៉ែត្រគូប ក្រោយពីកម្លាំងនគរបាលបានឃាត់រថយន្ដនោះភ្លាម ម្ចាស់រថយន្ដបានរត់បាត់ស្រមោល បន្សល់ទុកតែរថយន្ដ។ បច្ចុប្បន្នរថយន្ដ និងឈើទាំងនោះ ត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើសង្កាត់សណ្ដាន់ ដើម្បីធ្វើការវាសវែងចាត់ការតាមនីតិវិធី៕