(ភ្នំពេញ)៖ ផ្តើមចេញពីយុទ្ធនាការ ០១ កញ្ញា ឆ្នាំ២០២៣ ស្តីពីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាមួយសិស្សានុសិស្ស នៅតាមសាលានៅទូទាំងប្រទេស របស់ក្រសួងបរិស្ថាន គឺជាបទពិសោធន៍ជោគជ័យមួយ ក្នុងចំណោមការងារអាទិភាពចម្បងៗ ៣ផ្សេងទៀត ដែលក្រសួងបរិស្ថានបាននឹងកំពុងអនុវត្ត ត្រូវបានបង្ហាញក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការរៀបចំយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ប្រទេសអភិវឌ្ឍតិចតួចនៅតំបន់អាស៊ី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ស្ថិតនៅក្រុមសៀមរាប ខេត្តសៀមរាប។ 

ការថ្លែងលើកឡើងពីបទពិសោធន៍ជោគជ័យ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការងារអាទិភាពរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺឆ្លើយតបនឹងវត្ថុបំណងរួម នៃអង្គសិក្ខាសាលាថ្នាក់តំបន់ថ្ងៃនេះ ដែលផ្តោតលើការបង្កើនការយល់ដឹង ការអភិវឌ្ឍជំនាញ និងចំណេះដឹងបន្ថែមសម្រាប់ការរៀបចំឯកសារ សំណើ គម្រោង និងការអនុវត្តគម្រោងកម្មវិធី ដើម្បីដោះស្រាយតម្រូវការបន្ស៊ាំជាអាទិភាពរបស់ប្រទេសនីមួយៗ។ 

លើសពីនេះ កម្មវិធីរយៈពេល៤ឆ្នាំ ២០២២-២០២៦ របស់មូលនិធិនេះ មានចំនួន ២០លានដុល្លារ សម្រាប់ប្រទេសនីមួយៗ ដើម្បីឆ្លើយតបភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដែលនឹងមានផលប៉ះពាល់ដល់វិស័យកសិកម្ម សុវត្ថភាពស្បៀងអាហារ សុខភាព ទឹក ធនធានធម្មជាតិ។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ភាគី មានផែនការ និងយុទ្ធសាស្រ្តរួម ដើម្បីឆ្លើយតបនឹងហានិភ័យអាកាសធាតុ ជាពិសេសដើម្បីគៀគរធនធានពីមូលនិធិ LDCF និង មូលនិធិអាកាសធាតុ ពិេសស Spacial Climate Fund (SCF)។

គួរជម្រាបជូនផងដែរថា សិក្ខាសាលាថ្នាក់តំបន់សម្រាប់ LDCs នៅអាស៊ី ត្រូវបានរៀបចំឡើង ដោយលេខាធិការដ្ឋានមូលនិធិបរិស្ថានសកល GEF ដែលមានប្រទេសបង់ក្លាដែស, ប៊ូតាន, កម្ពុជា, ឡាវ និងនេប៉ាល់ ចូលរួម ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ មួយចំនួន ដែលប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ចំនួន៤៦ កំពុងប្រឈមមុខ ដើម្បទទួលបានហិរញ្ញវត្ថុសម្រាប់ការបន្សាំការប្រែប្រួលអាកាសធាតុ៕