(ព្រះវិហារ)៖ អភិបាលរងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែង គឺលោក បុន សោភ័ណ្ឌ ដែលបញ្ចប់អាណត្តិ ពីអភិបាលរងស្រុកជ័យសែន។

ពិធីនេះស្ថិតក្រោមវត្តមាន លោក មុត ភិសិទ្ធា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក មុត ភិសិទ្ធនា បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបន្តដឹកនាំនិងកសាងប្រទេសជាតិ ក្នុងការប្រតិបត្តិមាគ៌ាដ៏ប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាពកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រជាអាទិភាពជាច្រើន ក្នុងគោលដៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងថា ការផ្ទេរភារកិច្ចអភិបាលរងស្រុកជាំក្សាន្តនាពេលនេះ គឺស្របតាមគោលការណ៍ច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន ជាពិសេសគីការផ្តល់សេវាជូនប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងអភិវឌ្ឍនៅមូលដ្ឋាន។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក មុត ភិសិទ្ធនា បានណែនាំដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសលោកអភិបាលរងស្រុកដែលទើបផ្ទេរភារកិច្ចថ្មីនេះ សូមបន្តរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង រួបរួមសហការគ្នាអនុវត្តការងារសំខាន់ៗរួមមាន៖

*ត្រូវបន្តចូលរួមការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់នៃជំងឺឆ្លងកាចសាហាវផ្សេងៗ ការត្រៀមបង្ការគ្រោះមហន្តរាយនានាដែលកើតឡើងជាយថាហេតុ។
*ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ ដោយលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់ឱ្យបានរាល់បទល្មើសគ្រប់ប្រភេទ។
*យកចិត្តទុកដាក់រៀបចំសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យដូចជាការប្រើប្រាស់ផ្លូវ ចិញ្ចើមផ្លូវសាធារណៈ ការគ្រប់គ្រងសំណល់ផ្សេងៗ ការសាងសង់ ការរៀបចំ សណ្តាប់ធ្នាប់អគាររដ្ឋបាល ពិសេសអនាម័យតាមទីសាធារណៈ ក្នុងទីប្រជុំជន និងផ្សាជាដើម។
*បន្តជំរុញ និងចូលរួមរាល់ការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាពតាមផែនការដែលបានកំណត់ដូចជា ការផ្តល់សេវាសាធារណៈ ការផ្តល់សេវាសង្គម និងការអនុវត្តរបបសន្តិសុខសង្គម ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។
*ដើម្បីអនុវត្តសម្រេចបាននូវអនុសាសន៍ខាងលើ គណៈអភិបាលស្រុកត្រូវលើកកម្ពស់ ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលរបស់ខ្លួន ដែលបានកំណត់ក្នុងសេចក្តីណែនាំ ព្រមទាំងខិតខំពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕