(ពោធិ៍សាត់)៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើប្រាស់អំពើហិង្សាដាក់ទៅលើជនរងគ្រោះឱ្យរបួស ដោយគ្រាន់តែមានទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី។
ករណីនេះបានកើតឡើង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩៖៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ផាត សូនី ស្ថិតនៅភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឡើងដោយជនសង្ស័យឈ្មោះ ចិន ហួ (ហៅហួ) ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិឃុំកើតហេតុខាងលើ។
វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា យោងតាមកំណត់ហេតុបំភ្លឺរបស់ឈ្មោះ ឈិត ផង់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលត្រូវជាប្អូនជនរងគ្រោះថា «កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩៖២០នាទី ខ្លួនបានអង្គុយលេងនៅផ្ទះ ស្រាប់តែបងថ្លៃរបស់ខ្ញុំឈ្មោះ កែវ សុផាន់ បានតេទូរស័ព្ទមកប្រាប់ខ្ញុំថា ឱ្យយកបងប្រុសខ្ញុំឈ្មោះ ឈិត សារួន ទៅមន្ទីរពេទ្យ ភ្លាមនោះខ្ញុំក៏បានបើកកាណូតមកយកបងរបស់ខ្ញុំទៅមណ្ឌលសុខភាពកំពង់លួង ពេលនោះបងប្រុសខ្ញុំបានប្រាប់ថា ឈ្មោះ ចិន ហួ បានយកកាំបិតកកុកមកកាប់បងមួយកាំបិតចំក្បាលផ្នែកខាងឆ្វេងលើចិញ្ចើម។ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត»។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០និង ៣៣នាទី ដើម្បីដោះស្រាយតាមនីតិវិធី៕