(ភ្នំពេញ)៖ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានសម្រេចបញ្ជូនសំណុំរឿងជនល្មើសឆក់ត្រីពីររូបទៅកាន់អយ្យការអមសាលាដំបូងខេត្តក្រចេះ បន្ទាប់ពីជនល្មើសទាំងពីររូបមិនប្រគល់ឧបករណ៍ឆក់ត្រី។
ជនប្រព្រឹត្តបទល្មើសឆក់ត្រីដែលនាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូងខេត្តនេះរួមមានឈ្មោះ សុខ កុង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិបឹងចារ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ និងមួយរូបទៀត មានឈ្មោះ អ៊ុន យ៉ុងចេ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបឹងចារ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមលោក ម៉ុក ពន្លក បានឱ្យដឹងថា មុនពេលឈានដល់ការចាត់វិធានការច្បាប់នេះ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានចុះអប់រំ និងណែនាំឱ្យប្រជាពលរដ្ឋជាមុខសញ្ញាប្រព្រឹត្តបទល្មើសឆក់ត្រី ព្រមទាំងជនពីររូបខាងលើនេះផង ឱ្យសហការប្រគល់ឧបករណ៍ឆក់ និងសន្យាបញ្ឈប់សកម្មភាព។ ប៉ុន្តែមុខសញ្ញាជនល្មើសទាំងពីរមិនសហការ និងមិនព្រមប្រគល់ឧបករណ៍ឆក់ ទើបខណ្ឌរដ្ឋបាលជលផលឈានទៅអនុវត្តន៍ច្បាប់តែម្តង។
ការប្រើប្រាស់ឧបករណ៍ឆក់ ត្រូវបានសិក្សារកឃើញថា ជាដើមចមបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ សម្រាប់ធនធានជលផលក្នុងដងទន្លេមេគង្គ ជាពិសេសជីវិតសត្វផ្សោតដែលជាសត្វកម្រនៅកម្ពុជា។
ដើម្បីការពារសត្វផ្សោត និងធនធានជលផលក្នុងទន្លេមេគង្គ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានដាក់ចេញវិធានាការជាច្រើនទប់ស្កាត់បទល្មើសនេសាទនានា រួមទាំងការប្រើប្រាស់ឧបករណ៍ឆក់នេះផងដែរ៕