Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត កៅ គឹមហួន ដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកដល់កម្ពុជាហើយ ដើម្បីមកចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមអឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍លើកទី២០

19-09-2023 20:09

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមអឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍លើកទី២០ និងព្រឹត្តិការណ៍អមមួយចំនួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់២២ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវអន្តរជាតិរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការជឿជាក់យ៉ាងមុតមាំរបស់ថា តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើបានកាន់តែច្រើន និងមានឥទ្ធិពលបន្ថែមទៀត។

កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ប្រមូលផ្ដុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមកម្ពុជា, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម មានគ្នាសរុបប្រមាណ ៤០នាក់៕