(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលកំពុងតែល្បីល្បាញពាសពេញសារព័ត៌មានអន្តរជាតិ តាមរយៈសម្តីដ៏ម៉ឺងម៉ាត់ និងចំណាត់ការក្តៅជាក់ស្តែងនោះ បានហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងម៉ានីលថា «មនុស្សខ្ទើយ» ជាការឆ្លើយតបទៅនឹងរដ្ឋបាលក្រុងវ៉ាស៊ីនតោន ដែលបានកោះហៅតំណាងទូតហ្វីលីពីននៅទីនោះ ទៅសួរនាំនាថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦។
ការថ្លែងរបស់លោក Duterte នេះ ក៏ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អគ្គរដ្ឋទូតអាមេរិកលោក Philip Goldberg ដែលជាការបង្កភាពរកាំរកុះកាន់តែខ្លាំងផងដែរ ទៅលើវិស័យការទូតរវាងប្រទេសទាំងពីរ។ លោក Duterte ត្រូវបានសារព័ត៌មានដកស្រង់សម្តីនៅថ្ងៃពុធនេះថា «ដូចដែលអ្នកដឹងហើយថា ខ្ញុំកំពុងតែតទល់ជាមួយនឹង អគ្គរដ្ឋទូតរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី។ អគ្គរដ្ឋទូតរបស់គាត់ជាខ្ទើយ និងជាកូនស្រីសំផឹង។ វាពិតជាបាន ធ្វើឲ្យខ្ញុំក្តៅក្រហាយខ្លាំងណាស់ »។
គួរបញ្ជាក់ថាលោក Duterte វ័យ ៧១ឆ្នាំបានឡើងកាន់អំណាចក្រោយពីបាន ឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ដោយសារតែការប្តេជ្ញាដ៏មុតមាំក្នុងការដោះស្រាយបញ្ហាចម្បងៗ ដែលប្រជាជនហ្វីលីពីនចង់បាន។ ងាកមកមើលភាព រកាំរកុះជាមួយអគ្គរដ្ឋទូតអាមេរិកលោក Goldberg វិញបានកើតឡើងជាលើកដំបូង នៅដែលលោក Duterte បាន និយាយថាលោកធ្លាប់មានបំណងចាប់រំលោភ ស្ត្រីអ្នកផ្សព្វផ្សាយសាសនាមួយរបស់អូស្ត្រាលី ដែលត្រូវបានគេរំលោភ និងសម្លាប់ក្នុងគុកមួយនៃទីក្រុង Davao ទីដែលលោក Duterte ធ្លាប់កាន់កាប់រយៈពេល ២ទសវត្សរ៍។
ទាំងលោក Goldberg និងអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងក្តីមិនពេញចិត្តជាខ្លាំងដូចគ្នា ចំពោះការលើកឡើង របស់លោក Duterte។ នៅថ្ងៃសុក្រនោះ លោក Duterte បានបកស្រាយថាលោកមានភាពវិលវល់ខ្លាំង ដោយត្រូវចេញសេចក្តីថ្លែងការណ៍នៅទីនេះ និង ទីនោះ ហើយលោកពិតជាគ្មានចេតនានៅក្នុងការធ្វើបែបនោះឡើយ។ ការកោះហៅអគ្គរដ្ឋទូតហ្វីលីពីនទៅសួរនាំនោះ ត្រូវបានមន្ត្រីក្រសួងការបរទេសអាមេរិក បញ្ជាក់ថាជាការបង្ហាញពី ចំណងមិត្តភាពដែលនៅតែល្អដដែលរវាង អាមេរិក និងហ្វីលីពីន៕