(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឲ្យ International SOS ជួយគាំទ្រការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ពិសេសសិក្សាលើលទ្ធភាពក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ និងបញ្ជូនភ្ញៀវទេសចរនៅតំបន់ដាច់ស្រយាល ។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ត្រី ក្នុងឱកាសអនុញ្ញាតឲ្យលោក Sune Svenningsen ប្រធាននាយកប្រតិបត្តិរបស់ International SOS ប្រចាំប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីបន្តថា សូមលើកទឹកចិត្តដល់ International SOS ពិចារណាលើកិច្ចសហប្រតិបត្តិការ ដើមី្បឆ្លើយតបពេលមានគ្រោះអាសន្នធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លើសពីនោះសូមឱ្យ International SOS សហការជិតស្និទ្ធជាមួយបុគ្គលិកជំនាញរបស់ខ្លួន ក្នុងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជា សកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអណត្តិទី៧ របស់រដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។នេះការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី ឈាង រ៉ា។

ជាកិច្ចឆ្លើយតប លោក Sune Svenningsen បានសន្យានឹងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការវិស័យវិនិយោគគិនលើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចសិង្ហបុរី សហការ និងបង្កើនទំនាក់ទំនងការងារជាមួយកម្ពុជា។ 

លោក Sune Svenningsen បានបន្តថា International SOS ជាក្រុមហ៊ុនវេជ្ជសាស្ត្រដែលមានបទពិសោធខ្ពស់ជាមួយនឹងបទពិសោធន៍ខ្ពស់ជាង ៣៦ឆ្នាំ ក្នុងការគាំទ្រ និងបានផ្តល់សេវាកម្មជាច្រើនរួមមាន ព័ត៌មានសុខភាព និងហានិភ័យ (Health and Risk information) ការគាំទ្រផ្នែកថែទាំសុខភាព ជំនួយផ្នែកវេជ្ជសាស្រ្ដ ការជម្លៀសក្នុងគ្រាមានអាសន្ន និងមានលទ្ធភាពទូលំទូលាយក្នុងការធ្វើលទ្ធកម្មក្នុងការផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្សេងៗ ព្រមទាំងស្នើសុំក្រសួងសុខាភិបាលផ្តល់កិច្ចសហការ។

ក្នុងឳកាសនោះ លោក Sune Svenningsen ក៏បានថ្លែងអបអរសាទរ និងជូនពរ ក្នុងឱកាសដែល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕