(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការអះអាងមួយនៅចំពោះមុខប្រជាពលរដ្ឋថា សម្តេចមិនឱ្យកម្ពុជា បាត់អត្តសញ្ញាណ បាត់អធិបតេយ្យជាតិ ហើយស្ថិតរណបក្រោមប្រទេសណាមួយនោះឡើយ។
ការថ្លែងអះអាងរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានក្រុមមនុស្សមួយចំនួនវាយប្រហារចោទប្រកាន់ទៅលើដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិន ក៏ដូចជាការប្រកាសប្រកាន់យកនយោបាយចិនតែមួយ ជាការធ្វើឱ្យបាត់អធិបតេយ្យជាតិ ក្លាយជាកូនចឹង ឬជាប្រទេសរណបរបស់ចិនជាដើម។
ថ្លែងលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច តែកម្ពុជាមានឯករាជ្យ និងអធិបតេយ្យជាតិ ហើយសម្តេចបានអង្គុយជជែកដោយស្មើមុខស្មើមាត់ជាមួយថ្នាក់ដឹកនាំចិន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀត។
សម្តេចធិបតី បានបញ្ជាក់ដូច្នេះ «យើងចូលប្រជុំធ្វើការជាមួយមិត្តភក្តិ ក្នុងស្មារតីគោរពអធិបតីភាពគ្នាទៅវិញ និងគោរពផលប្រយោជន៍គ្នាទៅវិញស្មើមុខស្មើមាត់ មិនថាប្រទេសតូច ប្រទេសធំ។ ប្រទេសតូចកម្ពុជា នៅអង្គុយទល់មុខប្រធានាធិបតី ស៊ី ជិនពីង ប្រធានាធិបតីចិន ទល់មុខប្រធានសភាចិន ទល់មុខជាមួយនាយករដ្ឋមន្ត្រីចិន ទល់មុខនាយករដ្ឋមន្ត្រីជប៉ុន ទល់មុខប្រធានាធិបតីកូរ៉េ យើងចរចាក្នុងនាមរដ្ឋអធិបតេយ្យភាពមួយ ដែលចេញទៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ»។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសចិនពីថ្ងៃទី១៤ ដល់១៧ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំហរនយោបាយមួយច្បាស់លាស់បន្តពីនយោយរាជរដ្ឋាភិបាលចាស់ គឺការប្រកាន់យកនយោបាយចិនតែមួយ និងបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាកាន់តែស៊ីជម្រៅថែមទៀតជាមួយប្រទេសចិន។
ទាំងការជ្រើសយកដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ចិន ក៏ដូចជាការបង្ហាញបន្ទាត់នយោបាយការបរទេសជាមួយចិននេះ នាំក្រុមអ្នកអត្ថាធិប្បាយ អ្នកនយោបាយ រួមទាំងវិទ្យុមាននិន្នាការមិនគាំទ្ររាជរដ្ឋាភិបាលនោះ នាំគ្នាបរិហារថា អ្វីដែលសម្តេចធិបតីបានធ្វើជាការរណបចិន បាត់បង់អធិបតេយ្យភាពជាតិ និងបាត់ប្រយោជន៍ជាតិជាដើម។
ឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាមួយប្រជាពលរដ្ឋថា ការដឹកនាំរបស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំរបស់បក្សប្រជាជនកម្ពុជា មិនធ្វើឱ្យបាត់បង់តម្លៃអធិបតេយ្យភាពជាតិ កម្ពុជាក្លាយទៅជាកូនចឹង ឬរណបប្រទេសណាមួយនោះឡើយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអះអាងយ៉ាងមុតមាំយ៉ាងដូច្នេះ «ខ្ញុំមានកូនរបស់ខ្ញុំ កូនរបស់ខ្ញុំនឹងបង្កើតកូន ខ្ញុំនឹងមានចៅ ចៅរបស់ខ្ញុំបង្កើតកូន ខ្ញុំនឹងមានចៅទួត ចៅលួត ចៅលា។ រាប់សិបឆ្នាំបន្តទៅទៀត ខ្ញុំមិនចង់ឱ្យកូនខ្មែរ ចៅរបស់ខ្ញុំ ចៅទួតខ្ញុំ ត្រូវបានបាត់អត្តសញ្ញាណ ឬមួយទៅជាជនជាតិខ្មែរនៅក្រោមរណបនរណាមួយទេ មិនអាចធ្វើបានទេ។ [...] ជឿទុកចិត្តចុះជំនាន់ចៅទួត ចៅលួត ចៅលា របស់បងប្អូន និងរបស់ខ្ញុំ កម្ពុជាកាន់តែរឹងមាំ អធិបតេយ្យភាពត្រូវតែរក្សាឱ្យបាន កម្ពុជាកាន់តែសម្បូរសប្បាយ»។
ទន្ទឹមធានាអះអាងជាថ្មីនូវជំហរដឹកនាំការពារឧត្តមប្រយោជន៍ជាតិ ប្រជាជន ការពារអធិបតេយ្យភាពជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញជំហរការបរទេសរបស់កម្ពុជាជម្រាបជូនជនរួមជាតិផងដែរ។
សម្តេចធិបតី បានបញ្ជាក់ថា នយោបាយការទូតរបស់កម្ពុជាជាមួយប្រទេសជាមិត្តទាំងអស់ គឺប្រកាន់យកនិរន្តរភាព (CONTINUITY) និងសង្គតិភាព (CONSISTANCY)។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យ ផ្អែកលើច្បាប់ ប្រកបដោយភាពវៃឆ្លាត និងតម្កល់ប្រយោជន៍ជាតិជាចម្បង៕