(ត្បូងឃ្មុំ)៖ ក្នុងឆ្នាំនេះ ទឹកទន្លេមេគង្គបន្តហក់ឡើងជាលើកទី២ ភ្លាមៗក្រោមការចង្អុលណែនាំពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរ បន្តធ្វើការចុះត្រួតពិនិត្យទីតាំងច្រាំងទន្លេដែលបាក់កាលពីពេលកន្លងទៅ និងស្ថានភាពកម្ពស់ទឹកទន្លេនៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ព្រមទាំងបានអំពាវនាវពលរដ្ឋរស់នៅតាមដងទន្លេ ឲ្យបង្កើនការប្រុងប្រយ័ត្ន។

លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បញ្ជាក់ថា ក្នុងសកម្មភាពនោះ បានចុះពិនិត្យស្ថានភាពច្រាំងទន្លេ ចំនួន៣ទីតាំង រួមមានៈ ច្រាំងទន្លេនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ, ទីតាំងទី២ នៅភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ និងទី៣ ពិនិត្យច្រាំងទន្លេ នៅភូមិទី៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។

លោក សុខ ឡេងម៉េង បន្ថែមថា ស្ថានភាពទឹកទន្លេមេគង្គបានហូរតាមព្រែកធំៗចំនួន ៦ទូទាំងខេត្តត្បូងឃ្មុំ រួចហើយ ក្នុងនោះ ព្រែកតាកុច(រកាខ្នុរ), ព្រែកចាម, ព្រែកពាមជីលាំង, ព្រែកជីកដូនម៉ៅ និងព្រែកអង្គកូ ទឹកទន្លេហូរចូល ១០០% ដោយឡែកព្រែកគគី ទឹកទន្លេហូរចូលបាន៣០%ហើយផងដែរ។

បើតាមការសន្និដ្ឋានរបស់លោកប្រធានមន្ទីរធនធានទឹក ក្រោយពីការចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា ទឹកទន្លេបានហូរចូលទំនប់,បឹង,ព្រែក និងដីស្រែចម្ការភាគច្រើនបានលិច ដោយគិតត្រឹមថ្ងៃនេះអាចវាយតម្លៃជារួមស្មើ ៧៥% ដោយឡែកច្រាំងទន្លេទាំង៣ កន្លែងមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទេ។

សូមជម្រាបថា កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តត្បូងឃ្មុំ វេលាម៉ោង០៧:០០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ទឹកមានកម្ពស់ ១២,៩៨ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០,១៤ម៉ែត្រ ធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះខ្ពស់ជាង ១,៤១ម៉ែត្រ កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ៕