(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តឱ្យបានជាបថា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះទទួលបានជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រដ្ឋបាលខេត្តបាត់ដំបង និងរៀបចំផ្សាយបន្តផ្ទាល់ ចាប់ពីម៉ោង ១៨:០០យប់ រហូតដល់ចប់ពិធី នៅតាមទីតាំងសំខាន់ៗមួយចំនួនដូចខាងក្រោម៖

រដ្ឋបាលខេត្តបាត់ដំបងបញ្ជីទីតាំងតាមបណ្តាក្រុង ស្រុកក្នុងខេត្តបាត់ដំបង រៀបចំដាក់បញ្ចាំងផ្សាយផ្ទាល់ ពិធីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកមាន ១៤ទីតាំងនៅតាមក្រុង ស្រុក ដោយឡែកមន្រ្តីសាលាខេត្តបានធ្វើនៅ ២ទីតាំងមាន៖

*ទីតាំងទី១៖ មុខអគារសារមន្ទីរប្រវត្តិសាស្ត្រសាលាខេត្តបាត់ដំបង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ។

*ទីតាំងទី២៖ ក្រុងបាត់ដំបង បរិវេណសួនមាត់ស្ទឹងមុខវត្តកណ្តាល ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ទីតាំងតាមបណ្តាក្រុងស្រុក ដូចមានក្នុងបញ្ជីភ្ជាប់មកជាមួយ។

រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបាត់ដំបង នឹងអញ្ជើញចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នេះ នៅតាមទីតាំងដូចបានកំណត់ខាងលើឱ្យបានច្រើនកុះករ និងអធិកអធម៕