(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១.៨ម៉ឺននាក់នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ណែនាំ៦ចំណុច របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា អនុវត្តអនុសាសន៍ណែនាំ៦ចំណុច ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តក្នុងឆ្នាំ២០២៣នេះ ដូចខាងក្រោម៖

១. ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ គឺក្រសួងបាននិងកំពុងសម្របសម្រួល ហើយតាមរយៈការប្រជុំកាលពីថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញនេះ គ្រប់ភាគីបានឯកភាពគ្នាកំណត់កិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីចេញជាលទ្ធផលល្អជូនកម្មករនិយោជិតឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។ តាមលទ្ធផលបឋមនេះ កម្ពុជាគឺជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសដែលនាំចេញផលិតផលវិស័យវាយនភណ្ឌ ដែលដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។

២. ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺក្រសួងកំពុងពិភាក្សាជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំទ្រសង្គមរៀបចំប្រកាសអន្តរក្រសួង ដើម្បីដាក់ឱ្យអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣នេះ។

៣. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិតចំនួន១.៥លាននាក់ គឺក្រសួងបានប្រជុំជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយបានកំណត់យន្តការ មុខសញ្ញា វិធីសាស្ត្រចុះឈ្មោះសិស្ស កម្មវិធីសិក្សា និងសេចក្ដីជូនដំណឹងនានារួចហើយ។ ក្រសួងក៏បានពិភាក្សាជាមួយសមាគមនិយោជក ដើម្បីសម្រួលដល់កម្មករនិយោជិតបានចូលរៀននៅវេនយប់ ៥៖៣ល្ងាច០ ដល់ ៨៖៣០ព្រលប់ ឬវេនចុងសប្ដាហ៍ថ្ងៃសៅរ៍-អាទិត្យផងដែរ។

៤. ការជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង គឺក្រសួងបាននិងកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជក កែសម្រួលយន្តការអនុវត្ត និងកែសម្រួលកម្មវិធីហ្វឹកហ្វឺនកូនជាងឱ្យស្របតាមកញ្ចប់ស្ដង់ដាបណ្ដុះបណ្ដាលសម្រាប់កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយរួមបញ្ចូលកម្មវិធីហាត់ការ និងកម្មសិក្សាផងដែរ។

៥. បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុខពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ មកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីសម្រាលកូនចំនួន៤០៥,៩៦១នាក់ មានកូនចំនួន៣៩៨,៩៧៩នាក់ ចំណាយថវិកា៤០.៣លានដុល្លារ។ ស្របតាមគោលការណ៍ផ្ដល់ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកម្មការិនី មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាជាស្ត្រីសម្រាលកូនចំនួន៧,៣៩៩នាក់ កូនចំនួន៧,៤៤៧នាក់ ដោយបានទៅពិនិត្យសុខភាពមុនពេល ក្រោយពេល ក្នុងពេលសម្រាល និងចាក់វ៉ាក់សាំងសរុប២៦,៣៨១នាក់ ដែលចំណាយថវិកាអស់ចំនួន១.៩លានដុល្លារ

៦. បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណវិនិច្ឆ័យ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដោយពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីបន្តទៀតថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានបញ្ជាឱ្យមានការភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតដោយផ្ទាល់ពីអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកនៅតាមតំបន់ដែលមានបន្ទប់ជួល ដោយគិតតម្លៃប្រើប្រាស់អគ្គិសនីត្រឹម៤០០ទៅ៦០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ទាបជាងតមៃ្លពីមុនដែលមានរហូតដល់២,០០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ដែលបង់តាមរយៈម្ចាស់ផ្ទះជួល។ រីឯតម្លៃទឹកបានចុះមកត្រឹម៨០០រៀលក្នុង១ម៉ែត្រគូប ទាបជាងតម្លៃពីមុនដែលមានរហូតដល់២,៥០០រៀលក្នុង១ម៉ែត្រគូប។ ថ្លៃឈ្នួលបន្ទប់ក៏ត្រូវបានអាជ្ញាធរគ្រប់ជាន់ថ្នាក់សម្របសម្រួលគ្រប់គ្រងមិនឱ្យមានការដំឡើងថ្លៃហួសហេតុពេក។ ស្របគ្នានេះដែរ បណ្តាញផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកែលម្អ និងអភិវឌ្ឍជាបន្តបន្ទាប់ ដែលធ្វើឱ្យបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដោយចំណាយពេល និងថវិកាតិចជាងមុន៕