(សៀមរាប)៖ លោក សុខ លក្ខិណា ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីបុគ្គលិក អាជ្ញាធរជាតិអប្សរាមួយចំនួនទៀត រួមជាមួយនឹងនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បានសហការគ្នាដាំកូនឈើ៤៥០ដើមក្នុងវិទ្យាល័យបាគង ស្ថិតនៅភូមិឳឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីចូលរួមថែរក្សាបរិស្ថាន។

លោក សុខ លក្ខិណា បានឲ្យដឹងថា កូនឈើចំនួន៤៥០ដើម មានប្រភេទ កូនបេង គគីរ ឈើទាល ត្រូវបានអាជ្ញាធរជាតិអប្សរា ផ្តល់ជូនវិទ្យាល័យបាគង យកទៅដាំក្នុងបរិវេណសាលា ដើម្បីផ្តល់ជាម្លប់ដល់វិទ្យាល័យផង និងលើកសម្រស់សោភណភាពសាលា តំបន់អង្គរឲ្យស្រស់បំព្រងផង ព្រមទាំងដើម្បីថែរក្សាប្រភេទឈើប្រណិត ឲ្យបានគង់វង្សទៅថ្ងៃអនាគតផង។

លោកបានបញ្ជាក់ថា «ព្រៃឈើដើរតួនាទីសំខាន់ខ្លាំងណាស់ ចំពោះមនុស្ស សត្វ ព្រោះព្រៃឈើផ្តល់ជម្រក ចំណីអាហារដល់មនុស្សសត្វ កាត់បន្ថយកម្តៅ កាត់បន្ថយការបំពុលបរិស្ថាន ការពារទឹកជំនន់ជាដើម ដូច្នេះព្រៃឈើពិតជាមានការទាក់ទងគ្នា យ៉ាងជិតស្និទ្ធជាមួយជីវិតមនុស្សសត្វ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ហើយព្រៃឈើ គឺជាអាយុជីវិតរបស់មនុស្សសត្វ ព្រៃឈើអាចរស់នៅបានដោយគ្មានមនុស្សសត្វ ប៉ុន្តែមនុស្សសត្វមិនអាចរស់នៅបានដោយគ្មានព្រៃឈើបានទេ»

ក្នុងនោះដែរ លោក ស៊ិន សំណាង នាយកសាលាវិទ្យាល័យបាគង បានលើកឡើងថា លោកចង់ឃើញសាលាវិទ្យាល័យរបស់លោកទៅថ្ងៃអនាគត ក្លាយទៅជាព្រៃបេង ព្រៃឈើទាល ព្រៃគគីរ ដែលផ្តល់ម្លប់យ៉ាងត្រឈឹងត្រឈៃដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សាធារណជនទូទៅ។ លោកបន្ដថា ម្យ៉ាងទៀត ការដាំកូនឈើនៅពេលនេះទុកជាគំរូដ៏ល្អមួយ សម្រាប់កូនចៅជំនាន់ក្រោយ ឲ្យចេះស្រឡាញ់និងចេះថែរក្សាព្រៃឈើ។ ជាងនេះទៅទៀត លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់ជូនកូនឈើជូនមកវិទ្យាល័យបាគងនេះ។

ជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បានសម្តែងនូវការសប្បាយរីករាយ និងធ្វើការប្តេជ្ញាចិត្ត ថានឹងចូលរួមដាំកូនឈើឲ្យបានច្រើន មិនថានៅក្នុងសាលា ឬក្រៅសាលាទេ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះរាំងស្ងួត ការកើនឡើងកម្តៅ ការពារបរិស្ថាន ជាមួយរាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូល ហើយការដាំកូនឈើនេះ ពិតជាបានចូលរួមចំណែកជួយឲ្យមានលំនឹង រវាងបរិយាកាសជាមួយបរិស្ថាន។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់កូនឈើ និងដាំកូនឈើជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ប្រជាពលរដ្ឋ ដើម្បីថែរក្សាការពារបរិស្ថានមិនថាក្នុងតំបន់រមណីយដ្ឋានអង្គរ ឬក្រៅតំបន់រមណីយដ្ឋាននោះទេ។ បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពដាំកូនឈើ និងចូលរួមថែរក្សាការពារព្រៃឈើនេះ៕