(ស្ទឹងត្រែង)៖ លោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានថ្លែងនៅចំពោះមុខតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា កម្ពុជា គឺជាប្រទេសនាំមុខគេដែលបានបង្កើតស្ថាប័នជាតិទទួលបន្ទុកការងារប្រឆាំងទារុណកម្មមុនគេ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសនៅក្នុងតំបន់ ដែលជារដ្ឋភាគី នៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម។
លោក បានបន្តថា ការបង្កើតស្ថាប័នជាតិដែលមានឈ្មោះថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្នុងឆ្នាំ២០១៧ នេះឡើង បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមរបស់អង្គការសហប្រជាជាតិ។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ អនុលោមតាមសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងលិខិតតុបករណ៍អន្តរជាតិនានា ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
លោក រ៉ូ ប៊ីនណៃ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានជាតិ-អន្តរជាតិ និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ លោក រ៉ូ ប៊ីនណៃ បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីវគ្គអប់រំផ្សព្វផ្សាយនេះ ហើយទៅចែករំលែកបន្តដល់មន្រ្តីថ្នាក់ក្រោម ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបំពេញការងារប្រចាំថ្ងៃជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ។
ជាមួយគ្នានោះលោកក៏បានថ្លែងកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ដែលជាការចូលរួមចំណែកលើកមុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ក្នុងវិស័យសិទ្ធិមនុស្ស។
សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានរៀបចំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានជាតិ-អន្តរជាតិលើការបង្ការ ប្រឆាំងទារុណកម្ម និងតួនាទីភារកិច្ចរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពរបស់ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីតំណាងមកពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត លោកស្នងការនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថ ពន្ធនាគារ និងអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តស្ទឹងត្រែងសរុបចំនួនជាង២០០នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនេះ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អលើការងារបង្ការ និងប្រឆាំងទារុណកម្ម សំដៅលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពដល់អាជ្ញាធរមានសមត្ថកិច្ច និងតួអង្គពាក់ព័ន្ធនានា អំពីវិធានជាតិ-អន្តរជាតិនិងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដើម្បីធានាបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ឱ្យបានទាំងស្រុងរាល់អំពើទារុណកម្មគ្រប់ទម្រង់ អនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ នៅកម្ពុជា៕