(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាល គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន សម្រាប់មន្រ្តីរាជការ និងគ្រូបង្រៀន នៃសាលាមធ្យមវិចិត្រសិល្បៈ ដំណាក់កាលទី១ លើកទី២ ដែលរៀបចំឡើងដោយសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០២៣ និងត្រូវបានប្រកាសបើកដោយលោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ថ្លែងក្នុងពិធីបើកវគ្គ លោក ធៀង វណ្ណដារ៉ុង បានឲ្យដឹងថា វគ្គបណ្តុះបណ្តាល ដែលសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌បានរៀបចំនៅថ្ងៃនេះ គឺផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងគោលនយោបាយស្តីពីធនធានមនុស្សគ្រប់វិស័យជំនាញ សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ ជំនឿទុកចិត្ត និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការផ្តល់សេវាអប់រំដល់សិស្ស លើ ចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ និងជំនាញមរតកដូនតា ឱ្យស្របតាមស្តង់ដារជាតិ តំបន់ និងអន្តរជាតិ។ គោលនយោបាយ ស្តីពីធនធានមនុស្ស ក៏បានរំលេចផងដែរ លើការងារពង្រឹងសមត្ថភាព គរុកោសល្យ ក្រមសីលធម៌ និងវិន័យការងារដល់បុគ្គលិកអប់រំដែលជាអ្នកមានជំនាញទាំងអស់ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពលើការផ្ទេរចំណេះដឹង និងកសាងបាននូវធនធានមនុស្សដែលមានជំនាញ អាចបម្រើសង្គមជាតិ បង្កើតប្រាក់ចំណូល និងជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារទៅថ្ងៃអនាគត។

លោកបន្តថា ការសិក្សាលើមុខវិជ្ជា «ស្តីពីគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន» ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបំណងចង់ផ្តល់ទស្សនទានក្នុងវិស័យរដ្ឋបាលអប់រំនាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈទាំង១០២រូប(ស្រី៥០រូប) បន្តរៀនសូត្រ ពង្រឹងសមត្ថភាពនិងធ្វើទំនើបកម្ម ផ្នែករដ្ឋបាលសិក្សានិងផ្លាស់ប្តូរផ្នត់គំនិត ពីការបង្រៀនតាមរបៀប «គ្រូមជ្ឈមណ្ឌល» មកបង្កើតវិធីសាស្រ្តថ្មីដែលហៅថា «សិស្សមជ្ឈមណ្ឌល» ដោយអនុញ្ញាតឱ្យសិស្ស អនុវត្តន៍កិច្ចការសាលាឱ្យបានច្រើន និងលោកគ្រូអ្នកគ្រូបង្រៀនទៅតាមប្លង់មេរៀនច្បាស់លាស់ រួមចំណែកលើកកម្ពស់គុណភាពអប់រំផង និងរក្សាបានតម្លៃនៃជំនាញវិជ្ជាជីវៈមរតកដូនតាខ្មែរផងដែរ។

ជាមួយគ្នានេះ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ ក៏បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ នឹងលើកឡើងបង្ហាញពីការអប់រំសីលធម៌ និងការគ្រប់គ្រងចិត្ត ដើម្បីប្រសិទ្ធភាពនៃការបង្រៀន ក្រមសីលធម៌និងវិជ្ជាជីវៈគ្រូបង្រៀន របៀបនៃការសរសេរប្លង់ មុខវិជ្ជា វិធីសាស្ត្រតាមបែបមជ្ឈមណ្ឌល សិស្សមជ្ឈមណ្ឌល វិធីសាស្ត្របង្រៀនក្នុងបរិបទថ្មីបែប ឌីជីថល វិធីសាស្ត្របង្រៀនតាមបែបដោះស្រាយបញ្ហា តាមបែបសហការ និងតាមបែបឯករាជ្យ។

ទន្ទឹមនេះដែរ លោក ប៊ុនថន សុខាណារិទ្ធិ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានថ្លែងដែរថា ផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តកំណែទម្រង់របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើង ក្នុងមុខងារជាអ្នកផ្តល់ការគាំទ្រលើវិស័យបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធនមនុស្សដល់អង្គភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការធ្វើទំនើបកម្មមុខងារសាធារណៈ ឱ្យប្រកបដោយធនធាន ដែលមានគុណភាព មានវិជ្ជាជីវៈ ជាបញ្ញាជន វិញ្ញូជនរដ្ឋបាល ជាអ្នកគ្រប់គ្រង និងដំណើរការរដ្ឋបាលប្រកប ដោយសមត្ថភាព ជាមន្រ្តីរាជការដែលប្រកាន់យកសីលធម៌ថ្លៃថ្នូរ និងជាអ្នកបម្រើការងាររដ្ឋបាល និងប្រជានជន ប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា ក្នុងន័យនេះ ការកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាព នៃសេវាបណ្តុះបណ្តាលផ្តល់ដោយអង្គភាពចំណុះក្រសួងមួយនេះ ត្រូវបានកំណត់ចូលក្នុងរបៀបវារៈជាអទិភាពរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕