(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ សម្រេចលើរូបភាព និងខ្លឹមសារឯកសារដែលត្រូវបោះពុម្ព និងវីដេអូអប់រំដែលបានផលិតរួច ដើម្បីផ្សព្វផ្សាយ និងតារាងស្ថិតិប្រជាពលរដ្ឋ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារ និងវីដេអូអប់រំម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១៖ កែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារកូនសៀវភៅផ្នត់ និងស្ទីកគ័រ (Sitcker) សារអប់រំសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

២៖ ឯកភាពលើរូបភាព និងខ្លឹមសារស្ប៉តវីដេអូអប់រំ ដែលបានផលិតរួចរួមមាន៖

*ឯកភាពលើស្ប៉តវីដេអូអប់រំ ចំនួន៣រឿង ដែលមានចំណងជើងថា៖ «ប្រសិនបើខុសឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ» «ខ្ញុំគ្រប់លក្ខខណ្ឌចុះឈ្មោះបោះឆ្នោតបានហើយ» «បញ្ជីបោះឆ្នោតដំបូង»

*ចំពោះស្ប៉តវីដេអូបែបជីវចល ចំនួន ៣រឿង គ.ជ.ប បានសម្រេច៖ កែសម្រួលសំឡេងស្ប៉តរឿង «ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត»

*ឯកភាពស្ប៉តរឿង «ចុះឈ្មោះបោះឆ្នោតរួចឬនៅ» និងរឿងមួយទៀត «ការប្តឹងតវ៉ាទៅនឹងបញ្ជីបោះឆ្នោតដំបូង»

៣៖ ចំពោះវីដេអូអប់រំមានរយៈពេលវែង ដែលបានផលិតរួច គ.ជ.ប បានសម្រេច៖

*ឯកភាពលើរូបភាព និងខ្លឹមសារវីដេអូអនុវត្តនីតិវិធីស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមករណីជាក់ស្តែង ឆ្នាំ២០២៣ ចំនួន ១រឿង
*កាត់បន្ថយរយៈពេលវីដេអូអប់រំ «ដុកទ័រវ៉ូត (Dr. Vote)» ឱ្យខ្លីបន្តិច ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយ។

៤៖ កែសម្រួលតារាងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

យោងតាមតារាងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋ ដែល គ.ជ.ប បានឯកភាព មានតួលេខដូចខាងក្រោម៖

*ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ១០.៩៧៨.២៥៨ នាក់ ក្នុងនោះស្រី ចំនួន ៥.៦៨៦.១៥៨ នាក់
*ប្រជាពលរដ្ឋទើបគ្រប់ ១៨ឆ្នាំ ចំនួន ១២៣.០០២ នាក់
*ប្រជាពលរដ្ឋផ្លាស់ចូល ចំនួន ៥៣.៥៩៦ នាក់
*ការប៉ាន់ស្មានប្រជាពលរដ្ឋត្រូវចុះឈ្មោះបោះឆ្នោត ចំនួន ២៨០.៥៩៣ នាក់
*ចំនួនអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៩៦.៧១០ នាក់
*ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ចំនួន ៩.៧១០.៦៥៥ នាក់
*ការិយាល័យបោះឆ្នោត ចំនួន ២៤.០៤២ ការិយាល័យ៕