(កំពង់ឆ្នាំង)៖ ដោយអនុវត្តតាមសេចក្តីណែនាំរបស់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងករណីមានការកើនឡើងអំពីជំងឺគ្រុនឈាម ដែលគួរឲ្យកត់សម្គាល់ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល បានចុះអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីវិធីបង្ការជំងឺគ្រុនឈាម និងបានចុះបាញ់ ថ្នាំសម្លាប់មូសនៅតាមសហគមន៍នានាក្នុងមូលដ្ឋានទូទាំងខេត្តកំពង់ឆ្នាំង។

លោក ប្រាក់ វ៉ុន បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងបន្តចុះបាញ់ថ្នាំសម្លាប់សត្វមូសតាមសហគមន៍ និងចុះធ្វើការផ្សព្វផ្សាយអំពាវនាវដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យរួមគ្នាទប់ស្កាត់ និងបង្ការនូវការកើតមានជម្ងឺគ្រុនឈាមក្នុងមូលដ្ឋាន។

លោកបន្ដថា ការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានខាងលើនេះ គឺដើម្បីធានាសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋ គ្មានជំងឺគ្រុនឈាម ហើយលោកជំរុញតាមមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែក ឲ្យបន្តចុះបាញ់ថ្នាំសម្លាប់សត្វមូស និងដាក់ថ្នាំអាល់ប៊ែត ដើម្បីលុបបំបាត់ជម្រកមូសខ្លាក្នុងសហគមន៍ ជាការរួមចំណែក និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមជាប្រចាំផងដែរ។

ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមនេះឲ្យបានជោគជ័យ យុទ្ធនាការ នឹងធ្វើឡើងជាបន្តបន្ទាប់ទូទាំងស្រុកក្រុង ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ជ្រួតជ្រាបឲ្យកាន់តែច្បាស់បន្ថែមទៀត អំពីវិធីសាស្ត្រការការពារខ្លួនកុំឲ្យឆ្លងជំងឺគ្រុនឈាម។ ម្យ៉ាងទៀត យុទ្ធនាការនេះក៏មានការដាក់ថ្នាំអាល់ប៊ែតតាមផ្ទះប្រជាពលរដ្ឋ និងមានការបាញ់ថ្នាំសម្លាប់សត្វមូសខ្លានៅតាមទីសាធារណៈដើម្បីចូលរួមទប់ស្កាត់ការពារជំងឺមួយនេះ កុំឲ្យកើតមានឡើងជាបន្តទៀត។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឲ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍ការសិក្សា ស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នាពេលកន្លងមកបានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាមតែងតែមានវដ្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្ដង។

ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យទាំងវ័យក្មេង និងមនុស្សចាស់ដែលបង្កឡើងដោយវីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់រងថ្លា គ្មានក្លិនដូចជាពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែងបោះ ចោល ពិសេសសំបកកង់ឡាន ម៉ូតូ កំប៉ុងជាដើម ដែលទុក ឬបោះចោលពាសវាលពាសកាល វាអាចបង្កើតជាប្រភពដក់ទឹក និងជាជម្រកសត្វមូសផងដែរ។

ក្រសួងសុខាភិបាលសូមណែនាំក្រើន រំលឹកដល់ប្រជាជនគ្រប់រូបត្រូវបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារបង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឲ្យកាន់តែមានប្រសិទ្ធភាព។

សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុន ក្តៅខ្លួនខ្លាំងភ្លាមៗចាប់ពី៣៩ ទៅ៤០ អង្សាសេ ឬមានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕