(ភ្នំពេញ)៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ លោក ហុង លី តំណាងរាស្រ្តអូស្រ្តាលី មានសញ្ជាតិខ្មែរ ដែលបានហៅរបបក្នុងប្រទេសកម្ពុជា ជារបបតិរច្ឆាន ហើយ លោក ហុង លីម ក៏ត្រូវបានចាត់ទុកជា «ជនមិនត្រូវបានស្វាគមន៍» ដែលមានន័យថា នឹងមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជានោះឡើយ។
ក្រសួងការបរទេសបានចាត់ទុកថា ការបកស្រាយរបស់ លោក ហុង លីម តាមវិទ្យុអាស៊ីសេរី គឺជាការនិយាយបង្ខូចកិត្តិយស ដែលផ្ទុយទាំងស្រុងពីការពិតជាក់ស្តែងនៅកម្ពុជា ហើយក្រសួងសង្ឃឹមថា ការលើកឡើងនេះគ្រាន់តែជាការបញ្ចេញមតិរបស់ លោក ហុង លីម ដែលមិនឆ្លុះបញ្ចាំងពីការយល់ឃើញរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ឡើយ។
ក្រសួងបានអះអាងថា «ព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្រ្តាលី បាននិងកំពុងមានទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏ល្អលើវិស័យជាច្រើន។ យើងសង្ឃឹមថាការលើកឡើងរបស់បុគ្គល ហុង លីម នេះ មិនបានឆ្លុះបញ្ចាំងពីការយល់ឃើញរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីឡើយ»។
ក្រសួងការបរទេស បានអះអាងថា ការលើកឡើងរបស់ លោក ហុង លីម គឺជាការប្រមាថធ្ងន់ធ្ងរដល់ប្រជាជាតិកម្ពុជា។ លោកថា «ការប្រមាថរបស់បុគ្គល ហុង លីម ចំពោះប្រជាជាតិកម្ពុជា បានជំរុញឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សំរេចចាត់ទុកបុគ្គលនេះជា «ជនមិនត្រូវបានស្វាគមន៍» (persona non grata) សម្រាប់ព្រះរាជាណាចក្រកម្ពុជា»៕