(ភ្នំពេញ)៖ ភាពជោគជ័យដ៏ត្រចាស់ត្រចង់របស់ សាធារណរដ្ឋប្រជាមានិតចិន នាពេលបច្ចុប្បន្ន មិនបានកើតឡើងដោយភាពចៃដន្យនោះទេ។ ប្រទេសមហាយក្សមួយនេះ នឹងកំពុងតែបោះជំហានទៅមុខ ដោយភាពជឿជាក់ថា មិនយូរមិនឆាប់ ខ្លួននឹងក្លាយជាប្រទេសមហាអំណាចផុតលេខមួយទាំងអំណាចសេដ្ឋកិច្ច ទាំងអំណាចយោធា នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ជាក់ជាមិនខាន។ ប៉ុន្តែអ្វីដែលជាកត្តាប្រឈមនោះ គឺនៅត្រង់ថា តើប្រទេសមួយនេះ មានសមត្ថភាពបង្រួបបង្រួមចិនតៃវ៉ាន់ ស្ថិតក្រោមដំបូលគ្រប់គ្រងរបស់ខ្លួនតាមមធ្យោបាយណាមួយ (ដោយសន្តិវិធី ឬប្រើប្រាស់កម្លាំងយោធា) ក្រោមគោលនយោបាយចិនតែមួយ។

ផ្អែកតាមប្រវត្តិសាស្រ្ត ភាពជោគជ័យធំៗដែលមេដឹកនាំដ៏វាងវៃ និងប្រកបដោយភាពបត់បែន ជូនជាតិ មាន៤ដំណាក់កាលធំៗ ដូចខាងក្រោម ៖

* ដំណាក់កាលទី១៖ មហាយក្យចិន បានរំដោះប្រទេសខ្លួន ចេញពីការហ៊ុមព័ទ្ធមនោគមន៍វិជ្ជានយោបាយរបស់លោកខាងលិច បន្ទាប់ពីបានផ្តួលរដ្ឋាភិបាលសាធារណរដ្ឋចិន (តៃវ៉ាន់) ដឹកនាំដោយ លោកអតីតប្រធានាធិបតី ជាង កែជៀក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៩។

* ដំណាក់កាលទី២៖ មហាយក្សចិន បានធ្វើឱ្យពិភពលោក ងាកមកទទួលស្គាល់រដ្ឋាភិបាលខ្លួន ដឹកនាំដោយ លោក ម៉ៅ សេទុង ជាស្ថាបនិកប្រទេសចិន នៅក្នុងឆ្នាំ១៩៧១ និងបានប្រើយុទ្ធសាស្រ្តការទូតយ៉ាងប៉ិនប្រសព្វក្នុងការអូសទាញប្រទេសភាគច្រើនក្នុងលោក ងាកមកទទួលស្គាល់ចិនតែមួយបានកាន់តែច្រើនឡើងៗក្រោមគោលនយោបាយចិនតែមួយ (One China Policy)។

* ដំណាក់កាលទី៣៖ ការធ្វើកំណែទម្រង់ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី ក្រោមគំនិតផ្តួចផ្តើមដោយបិតាស្ថាបនិកសេដ្ឋកិច្ចចិន លោក តេង ស៊ីវភីង និងជារដ្ឋបុរស នៅក្នុងងឆ្នាំ១៩៧៨ តាមរយៈការបង្កើតទ្រឹស្តី «ឆ្មាស ឆ្មាខ្មៅ មិនសំខាន់ទេ អ្វីដែលសំខាន់ គឺធ្វើយ៉ាងណាឱ្យតែចាប់កណ្យុរបាន»។ កំណែរទម្រង់នេះ ពិតជាបាននាំមកនូវការអភិវឌ្ឈសេដ្ឋកិច្ចចិន បានលឿនដ៏ឆាប់រហ័សដែលប្រទេសនានាក្នុងលោក នឹកស្មានមិនដល់ និង

* ដំណាក់កាលទី៤៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ ជាពិសេស ក្រោមរបបដឹកនាំរបស់ លោកប្រធានាធិបតី ស៊ី ជិនភីង ជាបិតាស្ថាបនិកគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (One Belt and One Road-OBOR) បានបន្តប្រែក្លាយប្រទេសចិន ជាប្រទេសសេដ្ឋកិច្ចទី២ លើលោកកាលពីក្នុងឆ្នាំ២០១០ និងកាន់តែមានភាពល្អប្រសើរជាងនេះ ខាងផ្នែកសេដ្ឋកិច្ច នយោបាយ កម្លាំងយោធា និងបច្ចេកវិទ្យា។

ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានភាពជោគជ័យធំៗទាំង ៤ដំណាក់កាលខាងលើ ក៏ពិតមែន ក៏ប៉ុន្តែនៅតែមិនទាន់គ្រប់គ្រាន់ និងពេញចិត្តពីថ្នាក់ដឹកនាំចិននៅឡើយទេ។ ហួសពីការរំពឹងទុកជាងនេះ មេដឹកនាំចិនសព្វថ្ងៃ បាន និងមានមហិច្ឆិតាជាបន្ត ក្នុងការដឹកនាំប្រទេសខ្លួន ឱ្យក្លាយជាប្រទេសមហាអំណាចផុតលេខទី១ លើលោកជំនួសសហរដ្ឋអាម៉េរិក នៅថ្ងៃខាងមុខ។ ប៉ុន្តែក្តីប្រថ្នាដ៏មហិមានេះ នឹងទទួលបានជោគជ័យ ធ្វើឡើងដោយគ្មានឧបសគ្គនោះឡើយ។

ដូចបានលើកឡើងខាងលើ មានបដិកម្មមួយ បានចោទឡើងថា តើមហាអំណាចចិន នឹងអាចក្លាយជាប្រទេសមហាអំណាចផុតលេខបានដែរឬទេ នៅពេលដែលថា មានចិនពីររស់ឡើងវិញ? ម្ខាងចិនដីគោក និងម្ខាងទៀតចិនតៃវ៉ាន់? មែនទែនទៅ នេះ គឺជាក្តីបារម្ភមួយដែលមេដឹកនាំចិនសព្វថ្ងៃ ត្រូវតែយកឈ្នះ និងបង្រួបង្រួមចិនតែមួយឱ្យខាងតែបាន ទោះបីជា ការចំណាយនៅក្នុងតម្លៃណាមួយក៏ដោយ។ សូមកុំភ្លេចថា ក្រោមការដឹកនាំរបស់បក្សប្រជាធិបតេយ្យអភិវឌ្ឍន៍ (Democratic Progressive Party-DPP) ចិនតៃវ៉ាន់ ដឹកនាំដោយរដ្ឋាភិបាលរបស់លោកស្រីប្រធានាធិបតី សៃ អិនវេង ដែលកំពុងតែដឹកនាំកោះតៃវ៉ាន់ ឈានទៅរកការប្រកាសឯករាជ្យភាព។

ផ្អែកតាមគោលនយោបាយចិនតែមួយ រដ្ឋាភិបាលចិន បានចាត់ទុកកោះតៃវ៉ាន់ ជាអាណាខេត្តមួយរបស់ខ្លួន និងបានព្រមានថា ក្នុងករណីដែលរដ្ឋាភិបាលកោះតៃវ៉ាន់ ដើរផ្ទុយពីគោលនយោបាយចិនតែមួយ ដោយហ៊ានប្រកាសឯករាជ្យ ប្រទេសចិន នឹងប្រើប្រាស់កម្លាំងយោធាដោយចៀសពុំរួច។ នៅក្នុងការអនុវត្តគោលនយោបាយចិនតែមួយ តាមមធ្យាបាយប្រើប្រាស់កម្លាំងយោធា គឺជាបញ្ហាមួយដ៏រសើប និងគ្រោះថ្នាក់បំផុតសម្រាប់ចិន នាពេលបច្ចុប្បន្ន ដោយហេតុថា ៖

១៖ ផ្អែកតាមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាម៉េរិក-ចិន (Sino-US Mutual Defense Treaty) សហរដ្ឋអាម៉េរិក នឹងចូលធ្វើអន្តរាគមន៍យោធាការពារកោះតៃវ៉ាន់ភ្លាម ក្នុងករណីដែលប្រទេសចិន ប្រើប្រាស់កម្លាំងយោធា ក្តោបយកកោះតៃវ៉ាន់មកគ្រប់គ្រង ជំនួសឱ្យដំណោះស្រាយដោយសន្តិវិធី។

២៖ នៅក្នុងសេណារីយ៉ោអវិជ្ជមានមួយដែលថា បើតុល្យភាពកម្លាំងយោធា ភាពរឹងមាំខាងសេដ្ឋកិច្ច គោលនយោបាយការបរទេស និងសូម្បីតែទំនាក់ទំនងសម្ព័ន្ធភាពយោធារបស់ចិននៅមិនទាន់មានភាពរឹងមាំ និងច្បាស់លាស់ ជួយចិន នៅក្នុងករណីដែល មានសង្រ្គាមផ្ទុះឡើងប្រឆាំងនឹងកោះតៃវ៉ាន់ នៅពេលដែលមានការចូលរួមពីសហរដ្ឋអាម៉េរិក រួមនឹងសម័្ពន្ធមិត្តផងនោះ។ ចំណុចខ្សោយទាំងនេះ អាចនឹងនាំឱ្យមហាយក្សមួយនេះ ឈានទៅរកគែមជ្រោះសង្រ្គាមស៊ីវិល ដូចកាលពីក្នុងសតវត្សទី២០ សារជាថ្មីក៏ថាបាន។

ផ្អែកតាមទស្សនៈផ្ទាល់ខ្នួន ខ្ញុំយល់ឃើញថា ការអនុវត្តគោលនយោបាយចិនតែមួយបានល្អ នឹងអាចនាំឱ្យប្រទេសមហាយក្សមួយនេះ ឈានទៅរកប្រទេសមហាអំណាចផុតលេខមួយបាន បើរដ្ឋាភិបាលចិន មានយុទ្ធសាស្រ្តប្រើគោលនយោបាយនេះ បានដោយជោគជ័យ ដូចធ្លាប់ ប្រើកន្លងមក កាលពីក្នុងឆ្នាំ១៩៧១។

បច្ចុប្បន្ន ការអនុវត្តគោលនយោបាយចិនតែមួយ តាមមធ្យោបាយបង្រួបបង្រួមកោះតៃវ៉ាន់ ដោយសន្តិវិធី ហើយម៉្យាងទៀត ត្រូវអត់ធ្មត់ និងរង់ចាំឱកាសមកដល់ ជាពិសេស ត្រូវរង់ចាំរហូតដល់ប្រទេសខ្លួន ក្លាយជាប្រទេសសេដ្ឋកិច្ចលំដាប់ទី១ លើលោកជាមុនសិន និងត្រូវពង្រឹងសម័្ពន្ធភាពមួយកាន់តែរឹងមាំថែមទៀត មានដូចជា ជាមួយនឹងក្រុមប្រទេសសមាជិកប្រិក (BRICS) នៅក្នុងការចូលរួមកិច្ចសហប្រតិបត្តិការជាថ្លុងមួយ បង្កើតបានជាប្លុកដ៏ខ្លាំង ទាំងខាងផ្នែកនយោបាយ កម្លាំងយោធា សេដ្ឋកិច្ច និងព្រមទាំងបង្កើតបាននូវរូបិយប័ណ្ណរួមមួយ មានដូចជា BRICS Coin, BRICS Token or BRICS Currencies ដែលជាដំណាងរូបិយប័ណ្ណពាក់កណ្តាលសកល គឺជាការល្អប្រសើរបំផុតសម្រាប់ចិន៕

ដោយ៖ បណ្ឌិត តាំង សុខងី