Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តក្រចេះ អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺគ្រុនឈាម និងចុះបាញ់សម្លាប់សត្វមូសតាមមូលដ្ឋាន

19-09-2023 15:21

(ក្រចេះ)៖ មន្ទីរសុខាភិបាលខេត្តក្រចេះ បានអំពាវនាវអាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ និងឱ្យប្រជាពលរដ្ឋសូមចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺគ្រុនឈាម ខណៈដែលបច្ចុប្ប​ន្ននេះ ជំងឺគ្រុនឈាមកំពុងមានការរីករាលដាលជាបន្តបន្ទាប់។

លោកវេជ្ជ. ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា ក្រោមការដឹកនាំរបស់លោកស្រាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចង្អុលបង្ហាញ ពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ក្នុងការទប់ស្កាត់ការរាលដាលជំងឺគ្រុនឈាម មន្ទីរសុខាភិបាល បានចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យយល់ដឹង អំពីស្ថានភាពជំងឺគ្រុនឈាម និងពន្យល់អំពីវិធានការបង្កា និងបានសហការជាមួយអាជ្ញាធរចុះបាញ់ថ្នាំសម្លាប់មូស លុបបំបាត់ជម្រកមូសដាក់ថ្នាំអាបែត និងអប់រំពីការគ្រប់គ្រងសំណល់សំបកកង់រថយន្ដចាស់ៗ នៅតាមសហគមន៍ និងសំអាតបរិស្ថាន នៅជុំវិញផ្ទះ។

លោកវេជ្ជ. ងី ប៊ុនឡែន បានបន្តថា មន្ទីរបានណែនាំប្រជាពលរដ្ឋត្រូវថែទាំកូនចៅតាមដានពិនិត្យមើលសុខភាពឱ្យបានល្អ បើមានបញ្ហាគ្រុនក្ដៅត្រូវនាំកូនមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុតរបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរ ក៏បានណែនាំទៅដល់បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យក្នុងខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយបន្ត និងព្យាបាលដោយការយកចិត្តទុកដាក់តាមក្រមសីលធម៌វិជ្ជាជីវះរបស់ខ្លួន៕