(សៀមរាប)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកយុទ្ធនាការបាញ់ថ្នាំ និងដាក់ថ្នាំអាប៊ែតក្នុងពាងទឹក ដើម្បីលុបបំបាត់ភ្នាក់ងារចម្លងជំងឺគ្រុនឈាម នៅតាមតំបន់មួយចំនួនក្នុងក្រុង /ស្រុក ក្នុងខេត្តសៀមរាប ដែលមានការកើនឡើងនៅជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ចុះបាញ់ថ្នាំ និងដាក់ថ្នាំអាប៊ែតក្នុងពាងទឹកនេះ ដោយមានការណែនាំពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏ដូចជាលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមើលឃើញនឹងកត់សម្គាល់ថា មានការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅក្នុងខេត្តសៀមរាប ជាពិសេសតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តថា ក្នុងរយៈ៤ទៅ៥ឆ្នាំម្តង ជំងឺគ្រុនឈាមមានការកើនឡើងខ្លាំងម្តង។ ដោយឡែក នៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដ៏ទៃទៀត ក៏មានករណីកើនឡើងនៃជំងឺគ្រុនឈាននេះផងដែរ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីកើនឡើងនៃជំងឺគ្រុនឈាននេះ មាននៅក្នុងក្រុងសៀមរាប និងឃុំមួយចំនួនក្នុងស្រុកជីក្រែង និងឃុំពួក ស្រុកពួក។ លោកវេជ្ជបណ្ឌិត បន្តថា មកដល់ថ្ងៃនេះ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកយុទ្ធនាការបាញ់ថ្នាំ និងដាក់ថ្នាំអាប៊ែតក្នុងពាងទឹក នៅតាមឃុំ/សង្កាត់ មួយចំនួនក្នុងក្រុងសៀមរាប ស្រុកពួក និងស្រុកសូទ្រនិគម ដែលមានការកើនឡើងនៃជំងឺគ្រុនឈាម។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាមចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាមតែងតែមានវដ្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៤ ទៅ៥ឆ្នាំម្តង។

គួរកត់សំគាល់ថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។

ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកដល់ ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយអនុវត្តវិធានការដូចខាងក្រោម៖ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩, ទៅ៤០អង្សារសេ ឬមានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ប្រសិនជាមានចម្ងល់បន្ថែម ឬចូលរួមរាយការណ៍។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»៕