(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ និងកុមារកំព្រា ២៥០នាក់ គ្រូ បុគ្គលិក និងពេទ្យ ចំនួន៩១នាក់ នៅបុរីទារក និង កុមារជាតិ ស្ថិតនៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយចូលរួមក្នុងកម្មវិធីនេះមានកុមារ បុគ្គលិកមកពី អង្គការសាលាទន្សាយ អង្គការហេបភីទ្រី និងអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលមានទីតាំងបណ្តោះអាសន្ន នៅអនុវិទ្យាល័យអនុវត្តន៍ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ផ្តល់ក្តីអាណិតស្រឡាញ់ មេត្តា ករុណា និងពិនិត្យសកម្មភាពប្រចាំថ្ងៃរបស់កុមារ ដែលនៅតាមបន្ទប់លេងល្បែងកម្សាន្ត បន្ទប់ស្តារនិតិសម្បទា បន្ទប់រស់នៅរបស់ពួកគេ ដែលជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កុមារពិការ កុមារកំព្រាទាំងនោះ។

សម្តេចប្រធានបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ពិសេស អ្នកស្ម័គ្រចិត្តបរទេស ដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត ចូលរួមមើលថែទាំកុមារទាំងនេះ ដោយក្តីអាណិត ស្រឡាញ់ ពិតៗ។ ចំពោះកុមារមកពី អង្គការជំនួយនៃក្តីសង្ឃឹម សម្រាប់សហគមន៍ ដែលរស់នៅតាមផ្ទះជាមួយឪពុកម្តាយ សូមបន្តចូលរួមលើកទឹកចិត្តឱ្យកុមារៗជាកូនរបស់ខ្លួន បានមកទទួលការអប់រំ បណ្តុះបណ្តាល ពីអង្គការឱ្យបានទៀងទាត់។

ជាមួយនឹងក្តីមេត្តា ករុណា អាណិត ស្រឡាញ់ យ៉ាងជ្រាលជ្រៅ ចំពោះកុមារទាំងអស់នេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភកុមារចំនួន២៥០នាក់ ម្នាក់ៗ ទទួលបាន មុង១ ភួយ១ និងថវិកា ២០,០០០រៀល ដែលក្នុងនោះ មកពី បុរីទារក និងកុមារជាតិ ចំនួន១២៥នាក់ មកពីអង្គការសាលាទន្សាយ៤៥នាក់ មកពីអង្គការហេបភីទ្រី១០នាក់ និងមកពីអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់សហគមន៍ ចំនួន៧០នាក់ និងឧបត្ថម្ភបុគ្គលិក គ្រូ និងពេទ្យ ចំនួន ៩១នាក់ ម្នាក់ៗទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០០,០០០រៀល ក្នុងនោះមកពី បុរីទារក និងកុមារជាតិ ចំនួន ៥៦នាក់ មកពី អង្គការសាលាទន្សាយ ១៣នាក់ មកពីអង្គការហេបភីទ្រី ១០នាក់ និងមកពីអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ចំនួន ១២នាក់ ព្រមទាំង ឧបត្ថម្ភអ្នកស្ម័គ្រចិត្តជនជាតិបរទេសនៃបុរីទារក និងកុមារជាតិ ចំនួន ២៥នាក់ ម្នាកៗ ថវិកា ១០០,០០០រៀល។

អង្គការចំនួនពីរ ក្នុងនោះ បុរីទារក និង កុមារជាតិ ទទួលបានការឧបត្ថម្ភជា ថវិកា ១០,០០០,០០០រៀល អង្ករ ២តោន មី ៥០កេស ត្រីខ ២០កេស សៀង(ប្រៃ, ផ្អែម) ១០០គីឡូក្រាម ឆៃប៉ូវ(ប្រៃ, ផ្អែម) ១០០គីឡូក្រាម ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៥០កេស នំធុង ២០ធុង ផ្លែប៉ោម ១០កេស ផ្លែទំពាំងបាយជូ ១០កេស ម្សៅសាប៊ូ ៦០គីឡូក្រាម សាប៊ូដុំ ៣៦០ដុំ ថ្នាំបាញ់មូស ៦០ដប ទឹកជូតឥដ្ឋ ២០ធុងតូច ឆ្នាំង ៣២ឆ្នាំង ខ្ទះធំ ២ខ្ទះ ចានដែកធំបោកខោអាវ ២ចានដែក វែកសម្ល ១៥វែក វែកឆាធំ ២វែក ពូក(មានស្រោម) ទំហំ ២ម៉ែត្រ x ២,៥ម៉ែត្រ ចំនួន ២០ពូក និងខ្នើយកើយចំនួន ១២៥ខ្នើយ។

ដោយឡែក អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលមកពីក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបាន ថវិកា ៥,០០០,០០០រៀល មី ១០កេស ត្រីខ ២កេស ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ១០កេស ផ្លែប៉ោម ២កេស និងផ្លែទំពាំងបាយជូ ២កេស៕