(សៀមរាប)៖ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានដឹកជញ្ជូនសត្វឆ្មាដាវ (Leopard Cat) ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅយកមកផ្សាំងក្នុងទ្រុង មុននឹងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គ នាពេលខាងមុខ។
កន្លងមក គម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា៖ សត្វទោចមកុដ (Pileated gibbon) ចំនួន១៥ក្បាល (កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស (Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម (Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប (Common palm civets) ចំនួន៧ក្បាល សត្វភេខ្លួនរលោង (Smooth-coated otter) ចំនួន៨ក្បាល (កើតកូនបានចំនួន៥ក្បាល) សត្វឆ្មាដាវ (Leopard Cat) ចំនួន២ក្បាល សត្វកេងកងតូច (Oriental Pied Hornbill) ចំនួន៧ក្បាល សត្វកេងកងធំ (Great Hornbill) ចំនួន៦ក្បាល សត្វព្វាំង (Wreathed Hornbill) ចំនួន៧ក្បាល សត្វក្ងោក (Peafowl) ចំនួន៩ក្បាល សត្វអន្សង (Common Water Monitor) ចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។
ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ បញ្ឈប់ការដាក់អន្ទាក់សត្វគ្រប់ប្រភេទ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕