(ពោធិ៍សាត់)៖ ក្រោមការដឹកនាំរបស់លោក ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងតាមការណែនាំពីលោក ខូយ ​រីដា​ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចុះអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីវិធីបង្ការជំងឺគ្រុនឈាម គ្រុនឈីក​ និងបានចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសហគមន៍នានា​ ក្នុងក្រុងពោធិ៍សាត់។

យុទ្ធនាការនេះ ត្រូវធ្វើឡើងក្នុងអំឡុងពេល១សប្តាហ៍​ ដោយគិតចាប់ពីថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ​តទៅ។

លោក ខូយ​ ឌី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់​ បានឲ្យដឹងថា ការចុះផ្សព្វផ្សាយ​ និងបាញ់ថ្នាំមូស គឺដើម្បីធានាសុវត្ថិភាពសុខភាព ជូនប្រជាពលរដ្ឋ គ្មានជំងឺគ្រុនឈាម​​ ជាពិសេសដេីម្បីឲ្យប្រជាពលរដ្ឋ​ បានយល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីវិធីសាស្ត្រការពារខ្លួន​ កុំឱ្យឆ្លងជំងឺគ្រុនឈាម។

លោកប្រធានមន្ទីរបន្តថា​ ជាមួយនឹងយុទ្ធនាការនេះ​ លោកនឹងបន្តជំរុញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក​ សាលារៀន សហគម​ន៍ ដោយចុះបាញ់ថ្នាំមូស និងដាក់ថ្នាំអាល់ប៊ែត លុបបំបាត់ជម្រកមូសខ្លា ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម​ កើតមានឡើងជាបន្តទៀត។

លោក​ ខូយ​ ឌី​ បានឲ្យដឹងដែរថា មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម បានយ៉ាងឆាប់រហ័ស តាមរយៈទីកន្លែងទឹកដក់ (ក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង​ ពាងទឹក)។ ដូចនេះសូមចូលរួមសម្អាត​ព្រៃជុំវិញផ្ទះ​ ផ្កាប់ទុកសំបកកង់ឡាន កង់ម៉ូតូ​ដែលដាក់ពាសវាលាសកាល ពាងត្រូវមានគម្របគ្របជាប្រចាំ​ ព្រោះទីតាំងទាំងនោះ​ ជាកន្លែងបង្កើតជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់។

សូមជម្រាបជូនថា​ ក្រសួងសុខាភិបាល បានប្រកាសដល់សាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាម​ គួរឱ្យកត់សម្គាល់។ តាមរយៈ បទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាម តែងតែមានវដ្ដនៃជំងឺកើនឡើងខ្ពស់ ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្តង។

ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមណែនាំក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្ន​ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព៕