(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងកិច្ចជំនួបនេះ លោកស្រី Devyani Khobragade បានលើកឡើងអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកម្ពុជា រួមមានវិស័យនយោបាយ ការពង្រឹងនិងការតភ្ជាប់លទ្ធិប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ ការអភិវឌ្ឍន៍ ធនធានមនុស្ស ទំនាក់ទំនងវប្បធម៌ និងការងារមនុស្សធម៌ជាដើម។

លោកស្រី បានបន្តទៀតថា តាមរយៈ គម្រោងផ្តល់ផលរហ័ស រដ្ឋាភិបាលឥណ្ឌា បានផ្តល់ការគាំទ្រថវិកាដល់អាជ្ញាធរមីន លើការអនុវត្ត «គម្រោងភូមិអស់មីននៅខេត្តកោះកុង» និងការចូលរួមលើកកម្ពស់គុណភាពរស់នៅរបស់ ជនមានពិការភាពនៅខេត្តបន្ទាយមានជ័យ តាមរយៈការផ្តល់នូវអវយវៈសិប្បនិម្មិតចំនួន ៥០០ផងដែរ។

ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលផ្តល់ការគាំទ្រ និងផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងការអនុវត្តគម្រោងបោសសម្អាតមីន និងសម្របសម្រួលដល់ការចូលរួមការងារមនុស្សធម៌នៅកម្ពុជា។

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានផ្តល់នូវទឹកចិត្តប្រកបដោយសប្បុរសជួយសម្រាកបន្ទុក លុបបំបាត់ការភ័យខ្លាច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះ លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងសហការី ដែលបានស្វែងរកការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ក្នុងការចូលរួមជួយដល់ការបោសសម្អាតមីនមនុស្សធម៌ ដោយជ្រើសរើសយកខេត្តកោះកុងជាខេត្តអាទិភាពក្នុងការអនុវត្តគម្រោងដំបូងរបស់ខ្លួន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នៃបេតិកភណ្ឌសាសនា វប្បធម៌ និងភាសារួម ព្រមទាំងនៅតែបន្តឈរយ៉ាងរឹងមាំ ក្នុងរយៈពេល ៧១ឆ្នាំចុងក្រោយ នៅពេលទំនាក់ទំនងការទូតផ្លូវការត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២។ ការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២ បានឆ្លុះបញ្ចាំងពីសមិទ្ធផលទ្វេភាគី នៃប្រទេសទាំង២ ក្នុងរយៈពេលជាង៧ទសវត្សរ៍នេះ នូវកាលានុវត្តភាពនៃសហប្រតិបត្តិការជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំង២។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២ កម្ពុជា និងឥណ្ឌាបានពង្រឹងភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកគ្រប់កម្រិត មិនថាក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី ព្រមទាំងបានឈានដល់កម្រិតថ្មីមួយដូចដែលបានឆ្លុះបញ្ចាំង តាមរយៈការកើនឡើងនៃគណៈប្រតិភូផ្លូវការ ព្រមទាំងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន វប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕