(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ក្នុងករណីហិង្សារដោយចេតនា បន្ទាប់ពីយកដបសាំងទៅចាក់បញ្ច្រកទៅលើសង្សាររបស់ខ្លួនជាជនជាតិខ្មែរ ដោយសារភ្លើងប្រច័ណ្ឌខ្លាំង។

ហេតុកាណ៍នេះ បានកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចភោជនីយដ្ឋាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ្វ័ង គួហ្វា អាយុ៥៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តហ្វ៊ូជាន ប្រទេសចិន។ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ជុំ វឌ្ឍនា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពបន្តថា សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចភោជនីយដ្ឋាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានករណីហិង្សារដោយចេតនា។ ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងបាននាំខ្លួនបុរសម្នាក់ជាជនជាតិចិន មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដបសាំងទៅចាក់បញ្ច្រកទៅលើជនរងគ្រោះដែលជាសង្សារប្រាកដមែន ដោយមូលហេតុប្រច័ណ្ឌ និងសង្សាររបស់ខ្លួននឹងអ្នកផ្សេង។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕